Swift cc time

កម្ពុជារកចំណូលបានជាង ៤១៥ លានដុល្លារ ពីការនាំចេញអង្ករប្រមាណជាង ៧០ ម៉ឺនតោន រយៈពេល៧ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧០៧ ៤៧១ តោន គិតជាទឹកប្រាក់បានចំនួន ៤១៥.១២ លានដុល្លារអាម៉េរិក ទៅកាន់គោលដៅចំនួន ៦៦ប្រទេស ដោយក្រុមហ៊ុននាំចេញចំនួន ៦១ ក្រុមហ៊ុន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងចំណោមគោលដៅទាំង ៦៦ ប្រទេស កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៦៦ ៣០០ តោន គិតជាទឹកប្រាក់មានចំនួន ១០២.៨៤ លានដុល្លារ ទៅកាន់៥ប្រទេសសមាជិកអាស៊ាន ខណៈអង្ករចំនួន ២០៧ ១៥៧ តោន គិតជាទឹកប្រាក់មានចំនួន ១៥៦.៤៥ លានដុល្លារ ត្រូវបាននាំចេញទៅ ៣៣ ប្រទេស នៅក្នុងទ្វីបអឺរ៉ុប។

ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញអង្ករចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់មានចំនួន ១០៣.៣១ លានដុល្លារ ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ខណៈអង្ករចំនួន ៥៩ ០៨៤ តោន គិតជាទឹកប្រាកើមានចំនួន ៥២.៥២ លានដុល្លារ ត្រូវបាននាំចេញទៅ ២៥ ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា។ល។

ប្រភេទអង្ករនាំចេញមានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទ ៥៩.២៣%, អង្ករសគ្រាប់វែង ២៣.៦៦%, អង្ករចំហុយ ១.៩៣%, អង្ករសរីរាង្គ ១.២៨%, អង្ករបាក់គ្រប់ប្រភេទ ១៣.៧០%, និងអង្ករប្រភេទផ្សេងៗទៀតចំនួន ០.២%។

ជាមួយគ្នានេះ របាយការណ៍ក៏បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ កម្ពុជាក៏សម្រេចការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៣ ០០៦ ១២២ តោន គិតជាទឹកប្រាក់មានចំនួន ៦៦៥.៧០ លានដុល្លារអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង