Swift cc time

ខេត្តតាកែវ ស្រូបទាញគម្រោងវិនិយោគចំនួន ២៨ ក្នុងទុនសរុបជិត ១៦៩ លានដុល្លារ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

តាកែវ៖ រហូតមកទល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់សរុបចំនួន ២៨ គម្រោង ក្នុងទុនវិនិយោគសរុបជិត ១៦៩ លានដុល្លារ និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ១២ ៣៣៧ កន្លែង។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ។

យោងតាមរបាយការណ៍ គម្រោងទាំង២៨នេះ ត្រូវបានបែងចែកជាពីរផ្នែកធំៗ ក្នុងនោះរួមមាន៖ គម្រោងចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានចំនួន ១១ ក្រុមហ៊ុន និងគម្រោងចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ (PMIC) មានចំនួន ១៧ ក្រុមហ៊ុន។ សម្រាប់ទុនវិនិយោគសរុបនៃគម្រោងទាំងអស់មានទំហំទឹកប្រាក់រហូតដល់ ១៦៨ ៨២៦ ៣៧០.៣១ ដុល្លារ ដែលស្តែងឲ្យឃើញយ៉ាងច្បាស់ពីការកើនឡើងនៃទំនុកចិត្តពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ លើសក្តានុពលសេដ្ឋកិច្ច តំបន់ភូមិសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តតាកែវ។

តាមរយៈការហូរចូលនៃគម្រោងវិនិយោគទាំងនេះ ខេត្តតាកែវ បានបង្កើតតម្រូវការប្រើប្រាស់ពលកម្មសរុបចំនួន ១២ ៣៣៧ កន្លែង ដែលជាកត្តាលីករយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការចំណាកស្រុក បង្កើនប្រាក់ចំណូលគ្រួសារពលរដ្ឋ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។

ផ្អែកលើប្រភេទអាជីវកម្ម និងវិស័យផលិតកម្ម គម្រោងវិនិយោគទាំងនោះ បានផ្តោតលើមុខសញ្ញាឧស្សាហកម្ម និងការកែច្នៃចម្រុះ ក្នុងនោះរួមមានការផលិត និងកាត់ដេរសម្លៀកបំពាក់ កាបូប វ៉ាលីស ស្រោមដៃ និងស្រោមជើង និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក បរិក្ខារអគ្គិសនីបំភ្លឺ និងការផលិតបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងតុបតែងលម្អជាដើម៕


Khcct banner

អត្ថបទទាក់ទង