ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ រដ្ឋលេខាធិការដ្ឋានអាកាសចេរណ៍ស៊ីវិលកម្ពុជា សម្រេចបានជោគជ័យជាច្រើនលើការពង្រីកការដឹកជញ្ចូនតាមផ្លូវអាកាសជាមួយអាម៉េរិក និងចិន ដោយក្នុងនោះកម្ពុជាទទួលបានដៃគូសហការថ្មីជាមួយក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់អាម៉េរិក ជាពិសេសយន្តហោះខ្នាតធំរបស់អាម៉េរិកចំនួន ១០ គ្រឿង គ្រោងនឹងប្រគល់មកកម្ពុជាក្នុងឆ្នាំ២០៣១ ក្រោយការបញ្ជាទិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ខណៈយន្តហោះ C909 របស់ចិនចំនួន ១០គ្រឿង ក៏នឹងគ្រោងដាក់ឱ្យហោះហើរនៅកម្ពុជានាចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
បើតាមរបាយការណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសម្រេចលទ្ធផលវិជ្ជមានជាច្រើនក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្នុងនោះកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានចុះហត្ថលេខាលើMoU និងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស (Open Skies Agreement) ជាប្រវត្តិសាស្រ្តជាមួយសហរដ្ឋអាម៉េរិក ដើម្បីជំរុញការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ (ជាពិសេសក្រុមហ៊ុន FedEx Express)។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ( Air Cambodia) បានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ Boeing 737 Max ចំនួន ១០ គ្រឿង (គ្រោងប្រគល់ក្នុងឆ្នាំ២០៣១)។
ដោយឡែក នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះMoU ជាមួយក្រុមហ៊ុនផលិតអាកាសយានចិន COMAC ដោយបានធ្វើជាសាក្សីលើការចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ COMAC C909 ចំនួន ១០គ្រឿង របស់ក្រុមហ៊ុន Air Cambodia (គ្រោងដាក់ឱ្យហោះហើរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧)។
ជាមួយគ្នានោះ ក្រុមហ៊ុន COMAC នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ២០០ នាក់ លើជំនាញវិស្វកម្មថែទាំអាកាសយាន (Aircraft Maintenance Engineering) ព្រមទាំងផ្លាស់ប្តូរបច្ចេកទេស និងគាំទ្រប្រតិបត្តិការ។
រដ្ឋលខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលចក្រភពអង់គ្លេស និងទស្សនកិច្ចបច្ចេកទេសនៅក្រុមហ៊ុន LUFTAVIA SHUANG XI CO. Ltd កាលពីថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦
ក្រៅពីនេះ កិច្ចការងារផ្សេងៗដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលសម្រេចបានមានដូចជា ដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីៗលំដាប់ 4E និង 4F, ការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀត (ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ), ការពង្រឹងសន្តិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា, និងការចុះកិច្ចព្រមព្រៀមដឹកជញ្ជូនតាមផ្លូវអាកាសរវាងបណ្ដាប្រទេសសំខាន់ៗ និងMoUបន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិមានចំនួន ០៤ និងក្រុមហ៊ុនអន្តរជាតិមានចំនួន ២៩ ដែលកំពុងដំណើរការហោះហើរក្នុងបណ្តាញ៕