Swift cc time

រដ្ឋបន្តលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តលើកលែងពន្ធ និងអនុគ្រោះពន្ធលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា រហូតដល់ដំណាច់ឆ្នាំ២០២៧។វិធានការគាំទ្រនេះ ធ្វើឡើងតាមរយៈការលើកលែង និងអនុគ្រោះផ្នែកពន្ធដារ ដោយផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរង ពិន័យស្មើនឹង ១០០ (មួយរយ) ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួស រយៈពេល ៣ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណី អចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦ និងអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិតអនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទសាងសង់។

រាជរដ្ឋាភិបាលក៏លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពីអង្គភាពសាមី។

ក្រសួងសេដ្ឋកិច្ច គូសបញ្ជាក់ថា ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំពាវនាវឱ្យម្ចាស់អចលនទ្រព្យដែលមានឯកសារកំពុងដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ឬនៅរដ្ឋបាលសារពើពន្ធ រួសរាន់មកបំពេញបែបបទនិងនីតិវិធីនៃការចុះបញ្ជីដីធ្លីនិងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យឬពន្ធលើអចលនទ្រព្យ ដើម្បីអាចទទួលបានបណ្ណកម្មសិទ្ធិបានឆាប់រហ័ស៕

Khcct banner

អត្ថបទទាក់ទង