ភ្នំពេញ៖ បច្ចុប្បន្នការគ្រប់គ្រងចរាចរណ៍ដែនអាកាសកម្ពុជា ត្រូវបានគ្រប់គ្រងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង បម្រើការដោយមន្រ្តីជាកូនខ្មែរទាំងស្រុង បន្ទាប់ពីមានបញ្ហាព្រំដែនកម្ពុជា-ថៃ។
យោងតាមប្រភពពី អាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា មុនមានជម្លោះព្រំដែនជាមួយថៃ មានក្រុមហ៊ុនមួយចំនួនបានធ្វើការជាមួយអ្នកជំនាញមកពីប្រទេសថៃ ដើម្បីគ្រប់គ្រង«ចរាចរណ៍ដែនអាកាសកម្ពុជា»។តែក្រោយមានជម្លោះព្រំដែន ក្រុមហ៊ុនបានសម្រេចផ្អាកការងារក្រុមអ្នកជំនាញថៃទាំងអស់នោះ ហើយដាក់បញ្ជូលអ្នកជំនាញជាកូនខ្មែរទាំងមូល ដើម្បីចូលគ្រប់គ្រង«ចរាចរណ៍ដែនអាកាសកម្ពុជា»ទាំងស្រុង ជាមោទនភាពជាតិ។
បើតាមប្រភព បច្ចុប្បន្នមន្រ្តីជាកូនខ្មែរកំពុងបម្រើការលើការគ្រប់គ្រងចរាចរណ៍ដែនអាកាសកម្ពុជាមានសរុបចំនួន ១៣ នាក់ ហើយកាន់តំណែងធំៗក្នុងកិច្ចការ គ្រប់គ្រង«ចរាចរណ៍ដែនអាកាសកម្ពុជា»។
ក្រៅពីភាពជោគជ័យទាំងនេះ បច្ចុប្បន្ននេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសចំនួន ៤៩ ប្រទេស (រួមទាំងជប៉ុន និងហ្វីលីពីន ក្នុងឆ្នាំ២០២៥) និងត្រៀមចុះហត្ថលេខាជាមួយ អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០២៦នេះ។ ចំណែកកិច្ចព្រមព្រៀងលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយអាស៊ានមានដូចជា អាស៊ាន-ចិន អាស៊ាន-សហភាពអឺរ៉ុប(EU) អាស៊ាន-នូវែលសេឡង់ ហើយក៏កំពុងចចារជាមួយកូរ៉េខាងត្បូង ជប៉ុន និងគ្រោងពិភាក្សាជាមួយឥណ្ឌា និងហុងកុង៕