Swift cc time

ធនាគារជាតិ វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានភាពធន់​ ទោះជាប្រឈមបញ្ហាព្រំដែនជាមួយថៃ និងបញ្ហាសកលលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាថា នៅតែមានភាពរឹងមាំ បើទោះជាប្រឈមនឹងបញ្ហាព្រំដែនជាមួយថៃ យុទ្ធនាការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការឡើងថ្លៃនៃប្រេងសាំង និងបញ្ហាប្រឈមសកលមួយចំនួនផ្សេងៗទៀត។ ក្នុងនោះដែរ ធនាគារជាតិនៃកម្ពុជាក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនដល់ ៤,៣% នាឆមាសទី២ ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ បានមើលឃើញថា ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ បានរីកទៅជាការផ្ទុះអាវុធនៅតំបន់ខ្លះ ហើយនៅតំបន់មជ្ឈិមបូព៌ាបានធ្លាក់ទៅក្នុងភ្លើងសង្រ្គាម ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅបណ្ដាប្រទេសទាំងអស់លើពិភពលោក តាមរយៈការកើនឡើងថ្លៃប្រេងឥន្ធនៈ ការធ្លាក់ចុះពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ និងកាតប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រជាជនងាយរងគ្រោះនៅគ្រប់ទីកន្លែងប្រឈមនឹងការបាត់បង់ចំណូល ការកើនឡើងចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ចុះទៅក្នុងភាពក្រីក្រ។

កម្ពុជាក៏ប្រឈមនឹងបញ្ហាទាំងនេះដែរ បន្ថែមនៅលើបញ្ហានៅក្នុងស្រុកដូចជា ការអូសបន្លាយភាពតានតឹងពីជម្លោះព្រំដែនជាមួយប្រទេសថៃ យុទ្ធនាការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩។

ធនាគារជាតិបន្តថា នាពេលថ្មីៗនេះ ក្រោយពីបញ្ចប់ពិគ្រោះយោបល់មាត្រា៤ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបន្ថយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាដងដែរមកត្រឹម ៣% ខណៈដែលស្ថាប័នផ្សេងៗទៀតដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅបន្តការរក្សាការព្យាករក្នុងអត្រាប្រមាណ ៤,២%។

ធនាគារជាតិនៃកម្ពុជាក៏បានព្យាករថា កំណើននាឆ្នាំ២០២៦នេះ នឹងថមថយល្បឿនមកត្រឹម ៣,៩% ដោយផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១នេះ ក្នុងអត្រា ៣,៥% ជាមួយសុទិដ្ឋិនិយមចំពោះការងើបឡើងបន្តិចនាឆមាសទី២ ដល់ ៤,៣% ដែលគាំទ្រដោយកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងលំហូរការវិនិយោគផ្ទាល់ពីបរទេស។

នាគារជាតិនៃកម្ពុជា បានពន្យល់ថា ប្រទេសកម្ពុជាសម្រេចបានកំណើនក្នុងកម្រិតពី ៣% ទៅ ៤%នេះ ត្រូវបាចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ប្រឈមនឹងវិបត្តិ។ ភាពធន់នេះអាចសម្រេចបានដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផ្លែផ្កានៃការកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ចស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៕

Khcct banner

អត្ថបទទាក់ទង