Swift cc time

ធនាគារចំនួន ៣ បន្ថែមទៀត ត្រូវ ធនាគារជាតិកម្ពុជា ដកអាជ្ញាបណ្ណ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសដកអាជ្ញាបណ្ណ និង ដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ ក្រោយរកឃើញថា មិនសូវមានប្រតិបត្តិការសកម្មក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះ ទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។

គ្រឹះស្ថានធនាគារទាំង ៣ នោះរួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក (ដែលត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ) និង ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក (ដែលធនាគារទាំងពីរនេះត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន បេឃើរ ធីលលី (ខេមបូឌា) ឯ.ក)។

យោងតាមតួលេខផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ក្នុងប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង ៣ បូកបញ្ចូលគ្នាមានចំណែកត្រឹមតែ ០,៥% ប៉ុណ្ណោះធៀបនឹងទំហំសរុបក្នុងប្រព័ន្ធធនាគារ ក្នុងនោះទ្រព្យសកម្មមាន ០,៥% ប្រាក់បញ្ញើ ០,៥% និង ឥណទាន ០,៥%។ការដកអាជ្ញាបណ្ណ លើធនាគារខាងលើនេះ ធ្វើឡើងខណៈពេលថ្មីៗនេះ ធនាគារពាណិជ្ជពីរផ្សេងទៀតក៏ត្រូវបានដាក់ឱ្យជម្រះបញ្ជីរួចហើយដែរ គឺ ធនាគារ ព្រីនស៍ និង ធនាគារ ផេនដា។

លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​ បានចាត់ទុកវិធានការរបស់ ធនាគារជាតិ ពេលនេះ គឺមិនមែនជាក្តីបារម្ភសម្រាប់ប្រព័ន្ធ ធនាគារនៅកម្ពុជា នោះទេ តែផ្ទុយទៅវិញវា គឺជាចំណាត់ការដ៏ល្អ ដើម្បីធ្វើឱ្យប្រព័ន្ធធនាគារនៅកម្ពុជា កាន់តែរឹងមាំ។

យោងតាមរបាយការណ៍ពី ធនាគារជាតិ បើទោះបីជា បូកបន្ថែមទំហំប្រតិបត្តិការរបស់គ្រឹះស្ថានទាំង ៣ ដែលទើបដាក់ឱ្យជម្រះបញ្ជីជាមួយគ្រឹះស្ថានទាំង ២ ខាងលើ ក៏ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង ៥ បូកបញ្ចូលគ្នាមានប្រមាណត្រឹមតែ ១% ប៉ុណ្ណោះនៃប្រព័ន្ធធនាគារទាំងមូល៕

Khcct banner

អត្ថបទទាក់ទង