ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងធនាគារដៃគូទាំង៨ បានឯកភាពបន្តកែសម្រួលលក្ខខណ្ឌ និងនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើឱ្យដំណើរការផ្តល់ឥណទានកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅជួយសម្រួលដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ស្រ៊ុន ចន្ថុល អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការផ្តល់ឥណទានសម្រាប់ជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ជាមួយតំណាងធនាគារដៃគូចំនួន៨ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ធនាគារដៃគូទាំង៨ ដែលបានចូលរួមកិច្ចប្រជុំរួមមាន ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ កាណាឌីយ៉ា (Canadia Bank), ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank), ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក (SBI Cambodia PLC), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank) និងធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia)។
លោក ស្រ៊ុន ចន្ថុល បានថ្លែងអំណរគុណចំពោះធនាគារដៃគូទាំង៨ ដែលបានចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ជាពិសេសការសម្របសម្រួលផ្តល់ឥណទានជូនបងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ឱ្យកាន់តែងាយស្រួល និងមានភាពបត់បែន សម្រាប់ការចេញទៅធ្វើការនៅក្រៅប្រទេស។
ជាមួយគ្នានោះ តំណាងធនាគារដៃគូទាំង៨ បានឯកភាពបន្តកែសម្រួលលក្ខខណ្ឌ និងនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើឱ្យដំណើរការផ្តល់ឥណទានកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព សំដៅជួយសម្រួលដល់បងប្អូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ លើការរៀបចំឯកសារ និងសេវាកម្មពាក់ព័ន្ធនឹងការចេញទៅធ្វើការនៅក្រៅប្រទេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយធនាគារដៃគូចំនួន៨ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានសមរម្យ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ៕