ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរនៅពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។
បើតាមលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា «យើងបាននិងកំពុងត្រៀមលក្ខណៈសម្បត្តិយ៉ាងសកម្មដើម្បីជំរុញគម្រោងសាកល្បង ទស្សនាប្រាសាទពេលរាត្រី និង ជំរុញទេសចរណ៍ភាពយន្ត ដែលជាយុទ្ធសាស្ត្រអំណាចទន់ (Soft Power) ដើម្បីលើកស្ទួយវិស័យទេសចរណ៍»។
ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ និងសម្របសម្រួលទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី បានបើកកិច្ចប្រជុំពិភាក្សាលើទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
រដ្ឋមន្រ្តីរូបនេះបញ្ជាក់បន្ថែមថា ដើម្បីជំរុញការងារទស្សនាប្រាសាទនាពេលរាត្រីឱ្យមានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង ត្រូវឱ្យមានជាគម្រោងសាកល្បង (Pilot Project) ដោយត្រូវជ្រើសរើសប្រាសាទ ១ ឬ ២ ជាការដាក់សាកល្បង នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ លោកក៏បានជំរុញសកម្មភាពផ្សេងៗដែលអាចទាក់ទាញភ្ញៀវទេសចរនៅពេលរាត្រីផងដែរ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវ។
ជាក់ស្តែង នាពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងដាក់ឱ្យដំណើរការសេវាកម្មទេសចរណ៍នាពេលរាត្រីនៅសហគមន៍បាគងភូមិខ្ញុំ ដែលនឹងជាគំរូដ៏មានប្រសិទ្ធភាពសម្រាប់ពង្រីកទៅកាន់សហគមន៍ទេសចរណ៍ដទៃទៀត។ ជាការពិត, គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់ប្រជាពលរដ្ឋសហគមន៍ដោយផ្ទាល់៕