ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី ១២ មករានេះ បានសម្រេចរក្សាទុកដើមឈើ ដែលមានអាយុកាលជាង៣០០ឆ្នាំវិញ ដោយមិនឱ្យកាប់ចោលឡើយ។ការសម្រេចនេះ ធ្វើឡើងក្រោយពីចុះត្រួតពិនិត្យដើមឈើចំនួន៣ដើម ដែលចាស់ទ្រុឌទ្រោមនេះ ស្ថិតនៅក្នុងសួនច្បារកាណាឌីយ៉ា សង្កាត់វត្តភ្នំ ក្នុងខណ្ឌដូនពេញ។
តាមរយៈទំព័រហ្វេកប៊ុកផ្លូវការលោក ឃួង ស្រេង បានថ្លែងថា "ដោយដើមឈើទាំងនោះមានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមវិថីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តថែទាំនិងរក្សាទុកដើមឈើចំនួន៣ដើមដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ"។
គួរបញ្ជាក់ថា ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ាឬផ្លូវភ្លោះមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌ ដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ មានដើមឈើចំនួន៣ដើម អាជ្ញាធររាជធានីភ្នំពេញ ធ្លាប់មានគម្រោងនឹងកាប់យកចេញនៅសប្តាហ៍ក្រោយនេះ ដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។


