សៀមរាប៖ រដ្ឋមន្រ្តីចំនួន ៣ នៃក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក«វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ» ក្រោមស្លាកសញ្ញា Made in Cambodia។ នេះជាវេទិកាជំនួបផ្គូផ្គងធុរកិច្ចដោយផ្ទាល់រវាង «អ្នកផលិត» និង «អ្នកចែកចាយ» ក្នុងគោលបំណងបង្កើតគំរូថ្មីក្នុងការភ្ជាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបង្កើតតម្លៃសេដ្ឋកិច្ច ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងជំរុញការប្រែក្លាយវត្ថុអនុស្សាវរីយ៍ខ្មែរឱ្យទៅជា «ការទូតទេសចរណ៍» ប្រកបដោយប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វត្ថុអនុស្សាវរីយ៍ មិនមែនគ្រាន់តែជាទំនិញសម្រាប់លក់ដូរប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្នែកមួយដ៏សំខាន់នៃ «ការទូតទេសចរណ៍» ដែលជាឧបករណ៍ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពអំពីវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងទេពកោសល្យច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក។
លោកថា វេទិកាជាតិជាប្រវត្តិសាស្ត្រលើកទី១នេះ គឺជារបត់មួយដ៏មានសារៈសំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ ដែលផលិតដោយស្នាដៃកូនខ្មែរពិតប្រាកដ ក្រោមស្លាកសញ្ញា ម៉ាកសញ្ញាខ្មែរ «Made in Cambodia» ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីរូបនេះ ក៏បានសង្កត់ធ្ងន់អំពីការរក្សាអត្តសញ្ញាណខ្មែរ, ការផ្តោតលើគុណភាព ស្តង់ដា និង តម្លៃសមរម្យ ព្រមទាំងភាពចាំបាច់មិនអាចខ្វះបានក្នុងការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញា តាមរយៈការចុះបញ្ជីម៉ាក ឬសញ្ញាសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលយន្តការនេះ គឺជាខែលការពារដ៏រឹងមាំ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ និងធានាបាននូវការប្រកួតប្រជែងដោយស្មោះត្រង់សម្រាប់សិប្បករខ្មែរយើងនៅលើទីផ្សារ និងទប់ស្កាត់ផលិតផលក្លែងក្លាយ៕