Swift cc time

ក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ប្ដេជ្ញាផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Phoenix Voyages Group ដែលជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ប្ដេជ្ញាបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនេះ លោក Edouard GEORGE ប្រធានក្រុមហ៊ុន បានលើកឡើងអំពីគម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ «Angkor Ultra Trail» លើកទី១០ ដែលនឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៧ ខាងមុខ ដែលការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ ក៏ជាឱកាសអបអរសាទរខួប១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាផងដែរ។

លោកប្រធានក្រុមហ៊ុន ក៏បានលើកឡើងអំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងផែនការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាបន្ថែមទៀត។ លោកបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការមុតស្រួចជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ហើយសម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Phoenix Voyages Group Limited បន្តសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ «Angkor Ultra Trail» នេះឱ្យទទួលបានជោគជ័យ និងបន្តរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត៕


Khcct banner

អត្ថបទទាក់ទង