Swift cc time

ក្រុមអ្នកទេសចរ អ្នកវិនិយោគ និងមន្ត្រីចិន ទៅ«ទស្សនកិច្ចផ្ទាល់»ពីភាពជាក់ស្តែងនៅខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zhou Wendong អភិបាលរងក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ទស្សនកិច្ចនៅមូលដ្ឋានក្រុងកំពង់សោមមាន ខ្មែរធ្វើបាន និង រង្វង់មូលព្រះថោងនាងនាគ។

ព្រះសីហនុ៖ ក្រុមអ្នកទេសចរ អ្នកវិនិយោគ និង មន្ត្រីមកពីខេត្តនានាប្រទេសចិនប្រមាណ ៥២នាក់ នៅថ្ងៃទី ៣០ កក្កដានេះ ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីភាពជាក់ស្តែង ក្នុងខេត្តព្រះសីហនុ ពីសក្តានុពលទេសចរណ៍ និង វប្បធម៌ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។តាមរយៈទស្សនកិច្ចនេះ គេរំពឹងថា ពួកគេនឹងផ្សព្វផ្សាយភាពទាក់ទាញរបស់ ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ចិន ជាពិសេសបង្ហាញថា ខេត្តព្រះសីហនុ ពិតមានភាពរីកចម្រើន និងមាន សន្តិសុខ សុវត្ថិភាព ខ្ពស់។កម្មវិធីនេះ ដឹកនាំដោយ លោកស្រី ណៃ សាលី នាយករងរដ្ឋបាលខេត្តព្រះសីហនុ។

ប្រតិភូអន្តរជាតិទាំងអស់នោះ មកពីតំណាងមកពីតំបន់ និងទីក្រុងសំខាន់ៗនៃប្រទេសចិនដូចជា ខេត្តគ័ងតុង (Guangdong) ទីក្រុងឆឹងទូ (Chengdu) ទីក្រុងសៀងហៃ (Shanghai) និង ខេត្តហៃណាន (Hainan) បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយចុះទៅខេត្តព្រះសីហនុ ដើម្បីពិនិត្យពីភាពទាក់ទាញនៃតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និង ប្រវត្តិសាស្ត្រ ក្នុងខេត្តព្រះសីហនុ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូបានចុះទៅ មើលវត្តឥន្ទញ្ញាណហៅវត្តក្រោម  ស្វែងយល់ពីផ្នែកសាសនា វប្បធម៌ និង ស្ថាបត្យកម្មខ្មែរបុរាណ។ទស្សនកិច្ចតំបន់ឆ្នេរស្អាត បង្ហាញពីភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ ខ្យល់អាកាសបរិសុទ្ធ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្នេរ និង វិធានការថែរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

រូបសំណាកព្រះថោង នាងនាគ ដើម្បីស្គាល់ពីនិមិត្តរូបនៃវប្បធម៌ និង ប្រវត្តិសាស្ត្រដូនតាខ្មែរ តាមរយៈរូបសំណាកដ៏ស្កឹមស្កៃនៅលើដងផ្លូវមាត់សមុទ្រ ដែលជាចំណុចទាក់ទាញថតរូប ដ៏ពេញនិយមបំផុតមួយ។ កោះរាជបុត្រ  បង្ហាញប្រតិភូ ទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិសមុទ្រ ការអភិវឌ្ឍន៍តំបន់កោះ និងឱកាសវិនិយោគលើសេវាកម្មកម្សាន្តតាមសមុទ្រ។

រដ្ឋបាលខេត្តព្រះសីហនុ រំពឹងថាតាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយជំរុញការផ្សព្វផ្សាយព័ត៌មានពិតស្តីពីភាពរីកចម្រើន សន្តិសុខ សុវត្ថិភាព និងភាពទាក់ទាញនៃខេត្តព្រះសីហនុ ទៅកាន់ប្រជាជន និងអ្នកវិនិយោគិនចិននៅក្នុងទីក្រុងគោលដៅទាំង៤ ឱ្យកាន់តែស្គាល់ច្បាស់ និង ជ្រើសរើសខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ និងវិនិយោគឈានមុខគេនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង