ព្រះសីហនុ៖ គម្រោងវិនិយោគពាក់ព័ន្ធជាមួយអគារជាប់គាំងចំនួន ១៤៨ គម្រោងស្នើនឹង ៣៣.៨% នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ ដោយគម្រោងទាំងនោះកំពុងបន្តសាងសង់ កែលម្អ និង បានសាងសង់បញ្ចប់ និង ដំណើរការអាជីវកម្ម។ នេះជាការលើកឡើងរបស់លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ្នុងខេត្តព្រះសីហនុ។
លោក អ៊ឹម សុខធី បានលើកឡើងថា តាមទិន្នន័យបច្ចុប្បន្នភាពបឋមពាក់កណ្តាលឆ្នាំ ២០២៦ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានធ្វើស្ថិតិចុងក្រោយនេះ គម្រោងវិនិយោគពាក់ព័ន្ធជាមួយអគារជាប់គាំងចំនួន ១៤៨ គម្រោងស្នើនឹង ៣៣.៨% នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ ដោយគម្រោងទាំងនោះកំពុងបន្តសាងសង់ កែលម្អ និង បានសាងសង់បញ្ចប់ និង ដំណើរការអាជីវកម្ម។
យោងទិន្នន័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីឆ្នាំ២០២៤ ដល់ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រហសីហនុ បានផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជូនដល់គម្រោងចំនួន ៥០០ គម្រោង។ ក្នុងនោះគម្រោងពាក់ព័ន្ធអគារជាប់គាំងដែលទទួលបានលិខិតគោលការណ៍ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុមានចំនួន ២១៧, គម្រោងវិនិយោគថ្មីចំនួន ២៤៣, គម្រោងពង្រីកចំនួន ២៥, គម្រោងវិនិយោគមានស្រាប់ចំនួន ១៥ ដែលមានដើមទុនគ្រោងវិនិយោគប្រមាណជាង ៨.៤ ប៊ីលានដុល្លារ និង ប៉ានស្មានអាចបង្កើតការងារប្រមាណជាង ៦ ម៉ឺនកន្លែង។ ក្នុងនោះគម្រោង វិនិយោគលើវិស័យទេសចរណ៍មានចំនួន ១២៨ គម្រោង ដែលប៉ាន់ស្មានអាចបង្កើតការងារប្រមាណជាង ១.១ ម៉ឺនកន្លែង។
ដោយឡែក ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តគម្រោងវិនិយោគចំនួន ៨៧ គម្រោង ដែលមានដើមទុនគ្រោងវិនិយោគប្រមាណ ៤៣៦ លានដុល្លារ និង ប៉ាន់ស្មានបង្កើតការងារចំនួន ជាង ៦.៩ ពាន់កន្លែង៕