Swift cc time

ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះMoUលើ«កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»។ ពិធីចុះMoUនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន។

នាឱកាសនេះ លោក ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ការបោសសម្អាតមីន រំដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្រ្គាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដើម្បីលុបបំបាត់ផលប៉ះពាល់គ្រោះថ្នាក់ដោយសារមីន និងការប្រែក្លាយដីគ្រោះថ្នាក់ទៅជាដីចម្ការប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផលកសិកម្ម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ លោក លី ធុជ បានលើកឡើងថា អាជ្ញាធរមីន បាននិងបន្តខិតខំប្រឹងប្រែងបោសសម្អាតមីន និងកាកសំណល់ពីសង្គ្រាម ដោយប្រកាន់ខ្ជាប់ជាប្រចាំនូវពាក្យថា «សុវត្ថិភាព» ដើម្បីប្រជាជន និងប្រជាជាតិ សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។ លោកបានគូសបញ្ជាក់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០៣០ ហើយតាមរយៈការងារនេះនឹងអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយមិនមានភាពភ័យខ្លាច ធានាបាននូវសុខសុវត្ថិភាព និងគាំទ្រក្នុងការប្រែក្លាយទៅជាដីកសិកម្មរហូតទៅដល់ទីផ្សារ និងមាននិរន្តរភាព។

លោក លី ធុជ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងប្រទេសជាមិត្ត ដែលបានជួយគាំទ្រជាបច្ចេកទេសនិងថវិកា និងបានវាយតម្លៃខ្ពស់នូវការចុះអនុស្សរណៈនៃការយោគយល់ (MOU) នាថ្ងៃនេះ ដែលជាការអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាប្រែក្លាយពីភាពភ័យខ្លាចទៅជាទិន្នផលចេញពីដីស្រែចម្ការ។ នេះបើតាមក្រសួងកសិកម្ម៕


Khcct banner

អត្ថបទទាក់ទង