ភ្នំពេញ៖ រដ្ឋ និងឯកជន បានរួមគ្នាបង្កើនកិច្ចសហការក្នុងក្របខណ្ឌ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ និងសកម្មភាពអនុវត្តជាក់ស្តែង ដើម្បីស្តារ និងពង្រឹងទំនុកចិត្តទេសចរអន្តរជាតិ ព្រមទាំងទាក់ទាញទេសចរអន្តរជាតិពីទីផ្សារគោលដៅមកកាន់កម្ពុជាឡើងវិញ ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ នៅតែមានភាពធ្លាក់ចុះ។
បើតាមក្រសួងទេសចរណ៍ នេះជាកិច្ចប្រជុំលើកទី១០របស់ក្រុមប្រឹក្សាភិបាល ដែលរៀបចំឡើងដើម្បីវាយតម្លៃពីស្ថានភាព និងបញ្ហាប្រឈមសំខាន់ៗដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ, ឥទ្ធិពលព័ត៌មានអវិជ្ជមាន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងសង្គ្រាមនៅអ៊ីរ៉ង់ដែលធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈដែលជះឥទ្ធិពលដល់ការធ្វើដំណើរអន្តរជាតិ។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំបានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និងទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» តាមរយៈវៀតណាម និងសិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការកសាងទំនុកចិត្តរបស់ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ និងការអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកបង្កើតមាតិកាបរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍។
បើតាមក្រសួង កម្ពុជាត្រូវទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការចិនរយៈពេល៤ខែ, កិច្ចប្រជុំកំពូលហ្វ្រង់កូហូនី, ព្រមទាំងការនាំយកព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមកកម្ពុជានៅពេលខាងមុខ ដូចជា ការប្រកួតវគ្គផ្តាច់ព្រ័តកីឡាវាយកូនគោលលំដាប់ពិភពលោក Legend Tours 2026, ព្រឹត្តិការណ៍កីឡាទេសចរណ៍ និង ព្រឹត្តិការណ៍ប្រគុំតន្ត្រីអន្តរជាតិមួយចំនួនទៀតនៅអំឡុងឆមាសទី២ ឆ្នាំ២០២៦ និង ដើមឆ្នាំ២០២៧៕