ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ និង លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ដល់ អ្នកទេសចរ អ្នកវិនិយោគ អន្តរជាតិ ជាពិសេស ទេសចរចិន ដែលមកប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ។ជាមួយការស្វាគមន៍ លោកថែមទាំងបានប្រកាសធានាជូនដល់ អ្នកទេសសចរ អ្នកវិនិយោគ កុំបារម្ភពីសុខសុវត្តិភាព ខណៈរាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងនិយាយដោយឡែក អាជ្ញាធរខេត្តព្រះសីហុន បានចាត់វិធានការសម្អាត Online Scams ជាបន្តបន្ទាប់ដោយជោគជ័យ។
ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបើក «វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦» ក្នុងខេត្តព្រះសីហនុ។ជាវេទិកា រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរចិន មកកម្សាន្តនៅខេត្តព្រះសីហនុ បង្កើនការហោះហើរត្រង់ ទាកទាញការវិនិយោគ និង បង្កើតបណ្តាញទំនាក់ទំនងធុរកិច្ចទេសចរមកកាន់ខេត្តឱ្យកាន់តែច្រើន។
វេទិកានេះ រៀបចំឡើងក្រោមអធិបតីរបស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា , លោក ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ, លោក អ៊ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការ វិនិយោគ ខេត្តព្រះសីហនុ, លោក ចូវ វិនតុង (Zhou Wendong) អភិបាលរងក្រុងអ៊ូស៊ី (Wuxi) នៃខេត្តជាំងស៊ូ, លោក ខឺ សៀ (Ke Kue) អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និង តំណាងក្រុមហ៊ុនខ្មែរ ចិន ជាច្រើនរយនាក់។
ចំពោះតំណាងភាគីចិន គឺមកពី ខេត្តហៃហាន ក្វាងតុង ទីក្រុងសៀងហៃ ណាងជីង អ៊ូស៊ី ឆឹងទូ និងទីក្រុងឆុងឈឹង។ក្នុងវេទិកានេះ មានក្រុមហ៊ុនទេសចរណ៍ ក្នុងប្រទេសកម្ពុជាប្រមាណ ៤០ និង ក្រុមហ៊ុនទេសចរណ៍មកពីចិន ប្រមាណ ៤០ក្រុមហ៊ុន និងតំណាងមន្ត្រីទេសចរណ៍ជាច្រើននាក់។
ថ្លែងបើកវេទិកា លោក ហួត ហាក់ បានអំពាវនាវ និង ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះមិត្តចិន មិនថាជាភ្ញៀវទេសចរ ឬ អ្នកវិនិយោគឡើយ សូមអញ្ជើញមកកាន់កម្ពុជា ដោយក្តីជឿជាក់ និងមានទំនុកចិត្ត។លោកធានាទទួលយកនូវបដិសណ្ឋាកិច្ចរាក់ទាក់ ស្នាមញញឹមដ៏ស្មោះស្ម័គ្រ និង ភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។
លោក ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ យល់ថា តាមរយៈវេទិកានេះ នឹងផ្តល់ឱកាសដល់ក្រុមអ្នកវិនិយោគ អ្នកទេសចរ និង អាជ្ញាធរពាក់ព័ន្ធ បានជួបជុំគ្នាដើម្បីបង្កើតបណ្តាញធុរកិច្ច និង រៀបចំកញ្ចប់ទេសចរណ៍ ជំរុញការទាកទាញទេសចរមកកាន់កម្ពុជា ជាពិសេសទេសចរចិន ការលុបបំបាត់ឧបសគ្គនានា បង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ។
ក្នុងនាមជាអភិបាលខេត្ត លោក ម៉ាង ស៊ីណេត បានធានា សុខសុវត្តិភាព ជូនអ្នកទេសចរដែលមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ហើយលោកប្តេជ្ញាចិត្តថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យកុងស៊ុលចិន និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំទទួលបដិសណ្ឋារកិច្ចឱ្យកាន់តែល្អ ដើម្បីទទួលភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ ដោយភាពកក់ក្តៅ សុវត្តិភាព និងទំនុកចិត្តខ្ពស់៕