Swift cc time

ក្រុមហ៊ុនជប៉ុន Minebea បង្ហាញពីទំនុកចិត្តលើការវិនិយោគនៅកម្ពុជា ទោះមានបញ្ហាព្រំដែនជាមួយថៃ និងការបោសសំអាត Online Scams

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Minebea បង្ហាញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់លើការវិនិយោគនៅកម្ពុជា ទោះបីបច្ចុប្បន្នកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ និងការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្តី(Online Scams)។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនេះ សម្ដេច ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការឈរជើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន Minebear នៅកម្ពុជា ជាពិសេសគោលបំណងនៃការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុនមួយនេះជាបន្តបន្ទាប់នៅកម្ពុជា។

លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd បានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យមានផលប៉ះពាល់ខ្លះដល់ការដឹកជញ្ជូន ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើរការនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឡើយ ពោលគឺក្រុមហ៊ុន Minebea នៅតែបន្តដំណើរការដោយរលូន និងធម្មតា ដែលបង្ហាញពីភាពធន់មួយរបស់កម្ពុជាក្នុងការថែរក្សាអ្នកវិនិយោគ។

លោកក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលមកដល់ពេលនេះក្រុមហ៊ុនបានបើករោងចក្រចំនួន ២កន្លែងរួចមកហើយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារ ហើយសម្រាប់នៅក្នុងខេត្តពោធិ៍សាត់គឺកំពុងសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។ លោកបានលើកឡើងថា មកដល់ពេលនេះ ក្រុមហ៊ុន Minebea កំពុងស្វែងរកឱកាសនៅក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។

អគ្គនាយកក្រុមហ៊ុនរូបនេះ បន្ថែមថា បើទោះជារយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយពីបញ្ហាអនឡាញស្គេមនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ លោកជឿជាក់ថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការព្រួយបារម្ភអ្វីនោះឡើយ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា វឌ្ឍនភាពនៃក្រុមហ៊ុន Minebea បានបង្ហាញពីភាពធន់យ៉ាងច្បាស់របស់កម្ពុជា ក៏ដូចជាភាពធន់របស់ក្រុមហ៊ុន Minebea ដែលនៅតែមានភាពរឹងមាំនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនផ្តល់ផលប៉ះពាល់ដល់ក្រុមហ៊ុនឡើយ តែផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះនៅតែបន្តមានវឌ្ឍនភាព។

សម្ដេចក៏បានង្ហាញអារម្មណ៍រីករាយដែរនៅពេលដែលក្រុមហ៊ុននេះចង់ពង្រីកនូវលទ្ធភាពវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ចុងក្រោយ សម្ដេចក៏បានរំលេចបន្ថែមទៀតដោយបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនរូបនេះឱ្យបន្តការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងបិរិយាកាសវិនិយោគនៅកម្ពុជា ដែលកាន់តែមានភាពល្អប្រសើរសម្រាប់វិនិយោគិនគ្រប់រូប៕


Khcct banner

អត្ថបទទាក់ទង