ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកម្ពុជាពីខេត្តស្ទឹងត្រែង ត្រូវបាននាំចេញទៅកាន់ទីផ្សារចក្រភពអង់គ្លេសចំនួន ៦ តោន សម្រាប់ជើងទី១ក្នុងឆ្នាំនេះ។ គ្រាប់ស្វាយចន្ទីដែលនាំចេញនាពេលនេះ ត្រូវបានផលិតនិងកែច្នៃដោយក្រុមហ៊ុន HCST ហើយតាមផែនការនឹងបន្តនាំចេញរហូតដល់ ៧៨ តោន ដែលជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។
លោក ម៉ែន គុង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា តាមផែនការ សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារចក្រភពអង់គ្លេសមានសរុបចំនួន ៧៨ តោន ដោយក្នុងនោះសម្រាប់ជើងទី១នេះមានចំនួន ៦ តោន, ជើងទី២ ចំនួន ១០ តោន, ជើងទី៣ ចំនួន ១០ តោន, ជើងទី៤ ចំនួន ២០ តោន, និងបន្តរហូតគ្រប់ ៧៨ តោន។
ជាមួយគ្នានេះ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា តាមរយៈការគាំទ្រពីកម្មវិធី UKEF, ក្រុមហ៊ុន HCST បានពង្រីកការនាំចេញដោយជោគជ័យទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលឆ្លុះបញ្ចាំងពីគុណភាព ស្តង់ដារ និងសក្ដានុពលខ្ពស់នៃវិស័យកសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានអបអរសាទរចំពោះក្រុមការងារ HCST និងបានបង្ហាញក្តីសង្ឃឹមថា នាពេលខាងមុខ នឹងមានផលិតផលកម្ពុជាកាន់តែច្រើនបង្ហាញវត្តមាននៅលើធ្នើលក់ក្នុងហាងនានាទូទាំងចក្រភពអង់គ្លេស៕