Swift cc time

ក្រុមហ៊ុនជប៉ុនជំនាញផលិតគ្រឿងងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ប្ដេជ្ញាបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន MinebeaMitsumi Inc. ជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលបានបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជិត១៥ឆ្នាំ បានប្ដេជ្ញាបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈរោងចក្រថ្មីរបស់ក្រុមហ៊ុនមួយនេះក៏នឹងគ្រោងបើកដំណើរការនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។ ជាមួយគ្នានេះ, ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូខាងមុខ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះ សម្តេចក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជាដែរ។

សម្ដេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង