Swift cc time

លោក ស៊ុន ចាន់ថុល ចាត់ទុក«បរិយាកាសវិនិយោគ» ជាកត្តាសំខាន់ដើម្បីទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកផ្នែកឯកជនជាដៃគូដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ដោយស្តាប់រាល់បញ្ហា និង ស្វែងរកដំណោះស្រាយជូនវិស័យឯកជន ជាពិសេសកម្ពុជាមានអត្រាពន្ធទាបជាងបណ្ដាប្រទេសក្នុងតំបន់ ដែលកាន់តែទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ខណៈកត្តាស្ថិរភាពនយោបាយ កម្លាំងពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ។ល។ ក៏មានភាពល្អប្រសើរ។នេះជាប្រសាសន៍របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី« អត្រាពន្ធគយថ្មី ក្នុងការនាំចេញពីកម្ពុជាទៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្ម សហរដ្ឋអាម៉េរិក» នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងសន្និសីទនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា «កម្ពុជាអាចទាក់ទាញវិនិយោគិនបាន ដោយមិនពឹងផ្អែកតែការអនុគ្រោះពន្ធមានភាពល្អប្រសើរជាងប្រទេសជិតខាងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវិនិយោគិនគេបានពិនិត្យលើកត្តាផ្សេងៗទៀតដូចជា កត្តាសុខសន្តិភាព កត្តាស្ថិរភាពនយោបាយ កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កត្តាពលករ(មានវ័យក្មេងច្រើន) ហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គិសនី និងកត្តាផ្សេងទៀត ដែលមានអំណោយផល ទើបគេសម្រេចចិត្តមកបណ្ដាក់ទុន។»

បើតាមលោក ស៊ុន ចាន់ថុល កម្ពុជាមានចំណុចវិជ្ជមានដែលទទួលបានអត្រាពន្ធទាបជាងប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែអ្វីដែលពិសេសជាងនេះ គឺច្បាប់វិនិយោគកម្ពុជាមានលក្ខណៈបើកចំហរអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចបណ្ដាក់ទុនបាន ១០០% លើគ្រប់វិស័យទាំងអស់ មានការលើកទឹកចិត្តច្រើន បើប្រៀបធៀបនឹងប្រទេសជិតខាង។ រាជរដ្ឋាភិបាលកម្ពុជា បានយកផ្នែកឯកជនជាដៃគូដ៏សំខាន់ក្នុងការកសាសងសេដ្ឋកិច្ចកម្ពុជា ដោយស្តាប់រាល់បញ្ហា និង ស្វែងរកដំណោះស្រាយជូនវិស័យឯកជន។

មន្រ្តីជាន់ខ្ពស់CDCរូបនេះ បញ្ជាក់ថា កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅក្នុងស្រុកបន្ថែមទៀត ជាពិសេសកម្ពុជានឹងបន្តជួយសម្រួលលើកត្តានានា ដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញជូនវិនិយោគិនបរទេសទាំងឡាយណាដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាងភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគនៅកម្ពុជាចំនួន ២៦៨គម្រោង, ឆ្នាំ២០២៤ បានអនុម័ត ៤១៤ គម្រោង ក្នុងទុនវិនិយោគជិត ៧ ពាន់លានដុល្លារ, និងឆ្នាំ២០២៥ បានអនុម័ត ៦៣០ គម្រោង ក្នុងវិនិយោគ ១០ ពាន់លានដុល្លារ និងបានបង្កើតឱកាសការងារបានរាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៧៦ ដែលមានទុនវិនិយោគប្រមាណ ៤.៧ ពាន់លានដុល្លារ បង្កើតឱកាសការងារបានជាង ១៦ ម៉ឺនកន្លែង៕

Khcct banner

អត្ថបទទាក់ទង