ភ្នំពេញ៖ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ ដែលជាប់កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ហើយខកខានមិនបានបង់ពន្ធប្រចាំឆ្នាំ ២០២០ តាមកាលកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវផាកពិន័យចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។
គួរបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២០ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើនឹងត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានានៅថ្ងៃទី ១ កុម្ភៈ។ ជាមួយគ្នានេះ ក្នុងករណីរកឃើញយានយន្តណាដែលម្ចាស់នៅមិនទាន់បានបង់ពន្ធប្រចាំឆ្នាំនោះ សមត្ថកិច្ចនឹងធ្វើការ «ចាប់ផាកពិន័យគុណនឹង ២ លើតម្លៃពន្ធធម្មតា»។
