Swift cc time

ឧកញ៉ា តែ តាំប៉៖ វិស័យSME ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែវិស័យនេះតែងជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗចំនួន៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) 

ភ្នំពេញ៖ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាត្រូវបានចាត់ទុកជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» ហើយបច្ចុប្បន្ននេះកំពុងមានការរីកចម្រើនយ៉ាងសកម្ម ជាពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែវិស័យនេះតែងតែជួបប្រទះនូវ បញ្ហាប្រឈមសំខាន់ៗចំនួន៥ដូចជា៖ បញ្ហាហិរញ្ញវត្ថុ និងដើមទុន, កង្វះខាតចំណេះដឹង ក្នុងការរៀបចំប្រព័ន្ធគណនេយ្យ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវតាមស្តង់ដារ, បញ្ហាបច្ចេកវិទ្យាឌីជីថល, ការប្រកួតប្រជែង និងទីផ្សារ, និង ភាពស្មុគស្មាញនៃនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម។ នេះជាការលើកឡើងរបស់ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មកកាន់ស៊ីស៊ីថាមស៍ភាសាខ្មែរ នៅថ្ងៃទី២៥កក្កដានេះ។

ឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ថា SME ជាច្រើនបាន និងកំពុងរុញច្រានអាជីវកម្មរបស់ខ្លួនទៅលើប្រព័ន្ធអ៊ីនធឺណិត ការលក់តាមអនឡាញ និង ការប្រកាសទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលធ្វើឱ្យការប្រតិបត្តិការមានភាពរហ័ស និងទូលំទូលាយជាងមុន។ ក្នុងនោះផងដែរក៏មាន កត្តាជំរុញ និងការគាំទ្រពីរដ្ឋាភិបាលក្នុងការបង្កើតគម្រោងឥណទានសម្បទានជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការទទួលបានប្រាក់ កម្ចីដែលមានអត្រាការប្រាក់ទាប មានការសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (និងការលើកលែងពន្ធ ឬផ្តល់ ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ SME ដែលបានចុះបញ្ជីត្រឹមត្រូវ ការជ្រោមជ្រែងផ្នែកសមត្ថភាពគ្រប់គ្រង ការរៀបចំបញ្ជីចំណូល ចំណាយ និងការធ្វើទីផ្សារឌីជីថលពីសំណាក់ក្រសួង ព្រមទាំងអង្គការដៃគូនានាផងដែរ។

បច្ចុប្បន្ន សហគ្រិនក្នុងស្រុកនៅកម្ពុជាកំពុងចាប់អារម្មណ៍វិនិយោគលើ វិស័យអាទិភាពធំៗចំនួន ៥ ដែលមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានការគាំទ្រពីគោលនយោបាយរដ្ឋាភិបាល។ វិស័យទាំងនោះមានដូចជា៖ ១. វិស័យកសិ-ឧស្សាហកម្ម និងការកែច្នៃអាហារ ដោយបច្ចុប្បន្ន សហគ្រិនងាកមកបង្កើតរោងចក្រកែច្នៃ សម្ងួត និងវេចខ្ចប់ផលដំណាំក្នុងស្រុក ដូចជា ស្រូវ-អង្ករ, ស្វាយចន្ទី, ស្វាយ, ដំឡូងមី, និងគ្រាប់ធញ្ញជាតិនានា ដើម្បីបង្កើនតម្លៃបន្ថែម សម្រាប់លក់ក្នុងស្រុក និងនាំចេញ។ ២. វិស័យពាណិជ្ជកម្មសេវាកម្ម និងអាហារ-ភេសជ្ជៈ ដែលក្នុងនោះសហគ្រិនវ័យក្មេងជាច្រើនបានពង្រីកការលក់តាមប្រព័ន្ធអនឡាញការបើកហាងកាហ្វេ, ភោជនីយដ្ឋាន, អាជីវកម្មលក់រាយ/ដុំ, និងសេវាកម្មបម្រើជីវភាពប្រចាំថ្ងៃផ្សេងៗ។

វិស័យលេចធ្លោទី៣ គឺវិស័យបច្ចេកវិទ្យា និងធុរកិច្ចបង្កើតថ្មី ជាការបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់សេវាដឹកជញ្ជូន, ប្រព័ន្ធគ្រប់គ្រងការលក់, កម្មវិធីអប់រំឌីជីថល, ដំណោះស្រាយហិរញ្ញវត្ថុ និងវេទិកាផ្សារ អនឡាញការកើនឡើងនៃអ្នកប្រើប្រាស់អ៊ីនធឺណិត និងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។ ៤. វិស័យអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋាន ដោយកំណើនប្រជាជនរស់នៅទីក្រុង និងតម្រូវការផ្ទាល់ខ្លួន ធ្វើអោយ សហគ្រិនក្នុងស្រុកភាគច្រើនផ្តោតលើការអភិវឌ្ឍគម្រោងបុរីលំនៅឋាន ធុនមធ្យម និងតម្លៃសមរម្យ, ដីឡូត៍, ឃ្លាំងស្តុកទំនិញ, និងការជួលទីតាំងសម្រាប់អាជីវកម្ម។

វិស័យសំខាន់ទី៥ គឺវិស័យសុខាភិបាល និងអប់រំ ព្រោះប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងខ្ពស់ និងសុខចិត្តចំណាយច្រើនលើសុខភាព និងការអប់រំកូនៗ។ កត្តាទាំងនេះហើយធ្វើអោយសហគ្រិនផ្តោតទៅលើការ បើកគ្លីនិកឯកជន, មន្ទីរពិសោធន៍, ឱសថស្ថាន, សាលារៀនចំណេះទូទៅ (ទ្វេភាសា), មជ្ឈមណ្ឌលបណ្ដុះប ណ្តាលភាសាបរទេស និងជំនាញវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកមានប្រសាសន៍បន្តថា វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែវិស័យនេះតែងតែជួបប្រទះនូវ បញ្ហាប្រឈមសំខាន់ៗ មួយចំនួន៥ដូចជា៖ ១. បញ្ហាហិរញ្ញវត្ថុ និងដើមទុន៖ SME ភាគច្រើនខ្វះទ្រព្យធានា ឬមានប្រវត្តិហិរញ្ញវត្ថុមិនច្បាស់លាស់ ដែលធ្វើឱ្យធនាគាររុញរានក្នុងការផ្តល់កម្ចី។ការទទួលបានប្រភពទុនជួបការលំបាក ហើយអត្រាការប្រាក់ជារឿយៗនៅតែមានកម្រិតខ្ពស់ ដែលបង្កើតជាបន្ធុកបន្ថែម។

២. កង្វះខាតចំណេះដឹង ក្នុងការរៀបចំប្រព័ន្ធគណនេយ្យ ផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវតាមស្តង់ដារ។ ៣. បញ្ហាបច្ចេកវិទ្យាឌីជីថល: SME ច្រើនតែខ្វះធនធាន ឬចំណេះដឹងក្នុងការយកបច្ចេកវិទ្យា ឧបករណ៍ឌីជីថល និងការលក់តាមអនឡាញមកប្រកបអាជីវកម្ម។

បញ្ហាប្រឈមទី៤. ការប្រកួតប្រជែង និងទីផ្សារ: ទំនិញនាំចូលពីបរទេសជារឿយៗមានតម្លៃថោកជាង និងមានការវេចខ្ចប់ទាក់ទាញជាង។ ការខ្វះលទ្ធភាព និងធនធានក្នុងការធ្វើម៉ាកសញ្ញា ការផ្សព្វផ្សាយទីផ្សារ និងការប្រកួតប្រជែងដណ្តើមទីផ្សារនាំចេញ។ ៥. អនុលោមភាព និងបទប្បញ្ញត្តិ: ការចុះបញ្ជី និងពន្ធដារ ភាពស្មុគស្មាញនៃនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម ការយល់ដឹងពីកាតព្វកិច្ចពន្ធ និងការចំណាយលើការអនុវត្តឱ្យស្របតាមច្បាប់៕


Khcct banner

អត្ថបទទាក់ទង