ភ្នំពេញ៖ កម្លាំងសេដ្ឋកិច្ចនាំចេញរបស់ប្រទេសកម្ពុជា គឺនៅតែមានការកើនឡើង តាមរយៈការនាំចេញផលិតផលទៅទីផ្សារក្រៅប្រទេស ខណៈកម្លាំងស្ឋកិច្ចក្នុងស្រុកហាក់មានភាពត្រឹង និងជាប់គាំងខ្លះៗ ដោយសារការធ្លាក់ចុះនៃការចាយវាយរបស់ប្រជាពលរដ្ឋក្នុងស្រុក ដែលបណ្ដាលពីការកើនឡើងនៃតម្លៃសាំង ក៏ដូចជាការរងឥទ្ធិពលសកលលោក និងបញ្ហាប្រឈមមួយចំនួនទៀត។ នេះជាការបញ្ជាក់របស់អ្នកជំនាញសេដ្ឋកិច្ចមកកាន់ស៊ីស៊ីថាមស៍ភាសាខ្មែរ នៅថ្ងៃទី២៤កក្កដានេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា រយៈពេល៦ខែ ឆ្នាំ២០២៦នេះ គឺមានសភាពនៅត្រឹង មិនមានការកើនឡើង ហើយក៏មិនមានការធ្លាក់ចុះណាមួយគួរឱ្យកត់សម្គាល់នោះដែរ។
លោកបន្តថា កម្លាំងសេដ្ឋកិច្ចកម្ពុជា ត្រូវបានបែងចែកជាពីរ គឺកម្លាំងសេដ្ឋកិច្ចសម្រាប់ផលិតនាំចេញ និងកម្លាំងសេដ្ឋកិច្ចក្នុងស្រុក។ លោកពន្យល់ថា កម្លាំងសេដ្ឋកិច្ចនាំចេញគឺមានការកើនឡើង តាមរយៈការនាំចេញផលិតផលទៅទីផ្សារក្រៅប្រទេស ខណៈកម្លាំងស្ឋកិច្ចក្នុងស្រុកហាក់ដូចជាមានភាពត្រឹង និងជាប់គាំងខ្លះៗ ដោយសារការធ្លាក់ចុះនៃការចាយវាយរបស់ប្រជាពលរដ្ឋក្នុងស្រុក ដោយសារការកើនឡើងនៃតម្លៃសាំង ក៏ដូចជាការរងឥទ្ធិពលសកលលោក និងបញ្ហាប្រឈមមួយចំនួនទៀត។
ជាមួយគ្នានេះ លោកសង្កេតឃើញថា វិស័យដែលនៅតែមានភាពធន់នៅកម្ពុជាគឺវិស័យឧស្សាហកម្ម ដែលត្រូវធ្វើការផលិតសម្រាប់នាំចេញ មានដូចជា កម្មន្តសាល កាត់ដេរ វិស័យផលិតកង់ គ្រឿងបន្លាស់រថយន្ដ និងគ្រឿងសង្ហារឹមជាដើម ដែលសុទ្ធតែមានតួនាទីសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញផលិតផលទាំងនេះទៅទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា នាពេលអនាគាត សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកាន់តែមានភាពធន់ តាមរយៈការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងស្រុក ជាក់ស្ដែងនាពេលថ្មីៗនេះ ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានបញ្ចប់ទស្សនកិច្ចទាក់ទាញវិនិយោគិនចិនពីក្រុមហ៊ុនធំៗជាច្រើនឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យធំៗជាច្រើន ជាពិសេសការចាប់យកនូវការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានAI ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រីកធនធាន ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ឧស្សាហកម្មបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា ក៏បានលើកឡើងដែរថា បើទោះបីជាប្រទេសកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ និងប្រឈមបញ្ហាសកលមួយចំនួនក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែឈានទៅមុខជាបន្តបន្ទាប់។ អ្វីដែលលោកស្រីកត់សម្គាល់ជាងគេគឺ ភាពរីកលូតលាស់នៃវិស័យSME ដែលឈានទៅមុខមួយជំហ៊ាន ដោយមានឯករាជភាពជាម្ចាស់ការខ្លួនឯងក្នុងការផលិតទំនិញដែលមានគុណភាពសម្រាប់បំពេញតម្រូវការក្នុងស្រុក ខណៈសហគ្រាសខ្លះក៏មានសមត្ថភាពបំពេញតម្រូវការទីផ្សារក្រៅស្រុកផងដែរ។
លោកស្រីកត់សម្គាល់ឃើញថា ក្នុងដំណាក់កាលដែលកម្ពុជាប្រឈមនឹងវិបត្តិសកល វិស័យដែលជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាជាងគេគឺវិស័យSME ជាពិសេសគឺក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតែងតែបោះជំហ៊ានទៅមុខទោះបានតិចក្តី ឬច្រើនក្តី៕