Swift cc time

កសិដ្ឋានផលិត«ទឹកដោះគោស្រស់»របស់កម្ពុជាបង្កើននាំចូលមេគោពូជពីអូស្ត្រាលី២២០ក្បាលដោយសាមានតម្រូវខ្ពស់ ក្រោយជម្លោះបិទព្រំដែន ខ្មែរ-ថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

តាកែវ៖ កសិដ្ឋានផលិត«ទឹកដោះគោស្រស់»របស់កម្ពុជាមួយកន្លែងដែលស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បានបង្កើនការនាំចូលមេគោពូជ Holstein របស់ប្រទេសអូស្រ្តាលីចំនួន២២០ក្បាលបន្ថែមទៀត ដើម្បីជំរុញឧស្សាហកម្មទឹកដោះគោដែលកំពុងរីកចម្រើននៅកម្ពុជា ក្រោយបិទព្រំដែនខ្មែរ-ថៃ។ការបង្កើននាំចូលនេះ បានជំរុញឱ្យមេគោពូជពីអូស្ត្រាលី កើនឡើងដល់ប្រមាណ ១,៤០០ ក្បាល។

យោងតាមប្រភពពី ស្ថានទូតរបស់អូស្ត្រាលីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កាលពី ៦ ឆ្នាំមុន មេគោពូជ Holstein របស់អូស្ត្រាលីចំនួន ៥៥០ ក្បាល បានមកដល់កម្ពុជា ដើម្បីចាប់ផ្តើមផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេបង្អស់ គឺកសិដ្ឋានគិរីសួគ៍ ហើយនៅពេលនេះ មេគោចំនួន ២២០ ក្បាលបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា ដែលនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កសិដ្ឋានគិរីសួគ៍ ក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។

បើតាមស្ថានទូត អូស្ត្រាលីបានសហការយ៉ាងជិតស្និទ្ធជាមួយ កសិដ្ឋានគិរីសួគ៍ ដើម្បីសម្រេចឱ្យបាននូវការពង្រីកផលិតកម្មនេះ តាមរយៈការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អូស្ត្រាលី ហៅកាត់ថា CAPRED។

ក្នុងដំណើរទស្សនកិច្ចទៅទស្សនាកសិដ្ឋានគិរីសួគ៍ ក្នុងខេត្តតាកែវ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងចាត់ទុកភាពជាដៃគូរបស់អូស្ត្រាលីជាមួយកសិដ្ឋានគិរីសួគ៍ គឺជាគំរូដ៏ជោគជ័យមួយដែលស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែទទួលបានសុខមាលភាពល្អ និងវិបុលភាព។

បើតាម លោក ដេរិក យីប កត្តានេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់បានកាន់តែច្រើននៅក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងលទ្ធភាពថ្មីៗនៅក្នុងផលិតកម្មទឹកដោះគោទាំងមូល៕


Khcct banner

អត្ថបទទាក់ទង