ភ្នំពេញ៖ «យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏ដូចជាសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមលោក Wang Wenbin បានលើកឡើងថា នេះគឺជាវិធានការវិជ្ជមានមួយក្នុងការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់ សម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត ព្រមទាំងជួយរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។
ឯកអគ្គរាជទូតរូបនេះ បានបញ្ជាក់ថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់កម្ពុជារយៈពេល ១៤ ឆ្នាំជាប់ៗគ្នាមកហើយ។ នៅក្នុងឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា បានកើនឡើង ២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលកសិកម្ម និងផលិតផលពិសេសៗដែលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនឡើងៗដូចជា ធុរេន មៀនគៀម និងខ្នុរ ជាដើម ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន។
លោកជឿជាក់ថា យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន នឹងដើរតួនាទីយ៉ាងសកម្មក្នុងទំនាក់ទំនងជាប្រចាំ រវាងសហគ្រាសចិន និងគយកម្ពុជា ដែលនឹងជួយលើកកម្ពស់កម្រិតភាពងាយសម្រួលនៃពាណិជ្ជកម្មបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកធំធាត់ និងមានគុណភាពខ្ពស់ឡើង។
ជាមួយគ្នានេះ លោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ក៏បានគូសបញ្ជាក់ថា យន្តការសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងគាំទ្រវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន តាមរយៈការបង្កើតវេទិកាពិគ្រោះយោបល់ជាប្រចាំ ការផ្សព្វផ្សាយបទប្បញ្ញត្តិគយ ការដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងការតាមដានលទ្ធផលនៃការអនុវត្តយន្តការនេះ៕