ភ្នំពេញ៖ ក្រុមអ្នកវិនិយោគចិនប្រមាណ ៧៤នាក់ តំណាងឱ្យក្រុមហ៊ុនធំៗចំនួន៦០ ក្រុមហ៊ុន នៅថ្ងៃទី ២២ កក្កដានេះ បានរៀបចំការជួបជុំដ៏សំខាន់មួយ ដើម្បីស្វែងយល់ពីបរិយាកាសអំណោយផលនៃកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា។កម្មវិធីដំណើរទស្សនកិច្ចធុរជន និងវិនិយោគិនរបស់ចិនមកកម្ពុជានេះ រៀបចំនិងដឹកនាំដោយសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា។
ក្រុមហ៊ុនទាំង៦០នោះ ធ្វើដំណើរមកពីខេត្តហ្គ័ងស៊ី ហ្គ័ងទុង ឆុងជីង ស៊ីឈ័ន សុទ្ធសឹងតែជាក្រុមហ៊ុនដែលមានជំនាញផ្នែក៖ កសិកម្ម រុក្ខាប្រមាញ់ និ ងការកែច្នៃអាហារ, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), ពាណិជ្ជកម្មអន្តរជាតិ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ថាមពល និងបច្ចេកវិទ្យាអគ្គិសនី, យានយន្ត និងឧស្សាហកម្មផលិតកម្ម, អចលនទ្រព្យ សំណង់ និងហេដ្ឋារចនាសម្ព័ន្ន្ធ, ទេសចរណ៍ បដិសណ្ឋារកិច្ច និងវប្បធម៌, វេជ្ជសាស្ត្រ សុខភាព និងទំនិញប្រើប្រាស់, សេវាកម្មវិជ្ជាជីវៈ និងស្ថាប័នច្បាប់។
យោងតាមផែនការដំណើរទស្សន កិច្ចវិនិយោគិនចិនមកកម្ពុជា គឺធ្វើឡើងពីថ្ងៃទី២១ ដល់ ២៥ ខែកក្តដា ឆ្នាំ២០២៦ ដោយមានអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា ជាអ្នកដឹកនាំសម្របសម្រួលកម្មវិធី និងបានចុះទៅពិនិត្យទីតាំងសំខាន់ៗដែលអំណោយផលដល់ការវិនិយោគ។
ថ្លែងក្នុងកម្មវិធីបើក អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមវិនិយោគចិនមកកាន់កម្ពុជា ដែលលោកចាត់ទុកថា គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ អតីតយុទ្ធជន និងនិវត្តនជនកម្ពុជា ហើយកម្មវិធីនេះ នឹងនាំទៅដល់ការជួយជ្រោមជ្រែងក្នុងការបង្កើន កិច្ចការធុរកិច្ច និង ការវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគចិនពេលនេះ ត្រូវបានគេរំពឹងថា នឹងជួយឱ្យពួកគេយល់ពីសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា អ.ន.ក.និងអំពីតួនាទីរបស់ អ.ន.ក. ក្នុងការសម្របសម្រួល និង គាំទ្រដល់ធុរកិច្ចនិងការវិនិយោគនៅកម្ពុជា និង អាចឈានទៅការដាក់ចេញនូវឱកាសសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនានាដែលលើកកម្ពសផលប្រយោជន៍ទៅវិញទៅមកសម្រាប់អតីតយុទ្ធជន និង និវត្តជននៃប្រទេសទាំងពីរ៕