ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦នេះ ហើយគ្រោងនឹងតភ្ជាប់គ្នានៅចុងឆ្នាំនេះ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។ នេះជាការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមរបាយការណ៍ វឌ្ឍនភាពគម្រោងរួមមាន៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤% ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។
គួរបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ៕