ភ្នំពេញ៖ ស្ថានទូតអាម៉េរិកនៅភ្នំពេញ គាំទ្រក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងក្រុមហ៊ុនជាសមាជិក ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនអាម៉េរិកមួយចំនួនក៏បានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
បើតាមស្ថានទូតអាម៉េរិក តំណាងក្រុមហ៊ុនដែលមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺតំណាងឱ្យការផ្ដល់ជូនល្អៗពីអាម៉េរិក ដោយបានកំណត់ស្តង់ដារសកលសម្រាប់គុណភាព នវានុវត្តន៍ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ នៅពេលដែលក្រុមហ៊ុនអាម៉េរិកវិនិយោគ ឬធ្វើអាជីវកម្មនៅកម្ពុជា ពួកគេបង្កើតការងារ អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុក និងពង្រឹងសហគមន៍ដែលពួកគេធ្វើប្រតិបត្តិការ។
កិច្ចពិភាក្សាបានផ្តោតលើជំហានជាក់ស្តែងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ពង្រឹងបរិយាកាសធុរកិច្ច និងបើកឱកាសថ្មីៗសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មអាម៉េរិក។ គណៈប្រតិភូក៏កំពុងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការដឹកជញ្ជូន និងភស្ដុភារ ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែសំខាន់ៗ ដោយធានាបាននូវការផ្សារភ្ចាប់ទីផ្សារប្រកបដោយសមភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិក មានប្រសាសន៍ថា«គណៈប្រតិភូរួមមានថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម ដែលតំណាងឱ្យនវានុវត្តន៍ដែលល្អបំផុតពីអាមេរិក ការវិនិយោគ និងសហគ្រិនភាព អាម៉េរិក។ ក្រុមហ៊ុនទាំងនេះបានធ្វើអាជីវកម្មនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកឱកាសថ្មីៗ។ រួមគ្នា ពួកគេបានឆ្លុះបញ្ចាំងពីកំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា»។
ស្ថានទូតអាម៉េរិក បញ្ជាក់ការគាំទ្រក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន និងក្រុមហ៊ុនជាសមាជិកដែលបំណងចង់វិនិយោគ និងរីកលូតលាស់នៅកម្ពុជា។ ការកើនឡើងនូវវត្តមាននៃធុរកិច្ចអាមេរិក អាចពង្រីកឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្មកម្ពុជា នាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនកម្ពុជា និងពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕