Swift cc time

ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន កំពុងមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគនៅអាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលមានសមាជិករហូតដល់ទៅជាង ១៨០ កំពុងមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគនៅអាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង ខណៈទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក កំពុងតែមានភាពកើនឡើងជាបន្តបន្ទាប់។ នេះជាប្រសាសន៍របស់លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ក្នុងកិច្ចពិភាក្សាការងារជាមួយ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនេះ សម្ដេច ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ចំពោះលោក Brian ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលបានដឹកនាំអ្នកវិនិយោគអាម៉េរិក មកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងឱកាសនេះ។ សម្ដេច ហ៊ុន សែន បានលើកឡើងថា សម្ដេចតែងតែជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានដើម្បីជជែកលើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់អាម៉េរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានលើកឡើងនៅចំពោះមុខរបស់អ្នកវិនិយោគអាម៉េរិកដែរថា នៅពេលនេះទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក កំពុងមានការកើនឡើង ហើយសម្ដេចសង្ឃឹមថាអ្នកវិនិយោគរបស់អាម៉េរិកនឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោក Brian ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន បានសម្ដែងនូវការអរគុណចំពោះសម្ដេចដែលបានអនុញ្ញាតឱ្យរូបលោក និងធុរជនអាម៉េរិកទាំងឡាយ បានជួបនិងសម្ដែងការគួរសមនាពេលនេះ។ លោកបន្តថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ ដែលកំពុងមានចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគនៅអាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។ លោកក៏បានលើកឡើងថា នាពេលនេះទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិក កំពុងតែមានភាពល្អប្រសើរ ហើយលោកក្នុងនាមជាវិស័យឯកជន តំណាងឱ្យក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចង់ចូលរួមចំណែកនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារួមចំណែកនៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិក ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

លោកលើកឡើងថា ធុរជនរបស់អាម៉េរិក ក៏ដូចជាដៃគូរបស់ក្រុមហ៊ុនអាម៉េរិកដែលមកជួបសម្ដេចនៅពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនធំៗដែលបានជួបជាមួយសម្ដេច ហ៊ុន សែន នាពេលនេះមានដូចជា ក្រុមហ៊ុន Ford ក្រុមហ៊ុន Coca Cola ជាដើម ក៏ដូចជាដៃគូក្រុមហ៊ុនមួយចំនួនទៀត ដែលបានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសមជាមួយសម្ដេចនាពេលនេះ។

សម្ដេច បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោក Brian ចំពោះទំនាក់ទំនងរវាងកម្ពុជានិងអាម៉េរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា ហើយសម្ដេចគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគរបស់អាម៉េរិកមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានលើកឡើងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងអាម៉េរិក គឺពាណិជ្ជកម្មនិងការវិនិយោគ ហើយសម្ដេចសង្ឃឹមថាវិនិយោគិនអាម៉េរិក នឹងមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

សម្ដេច បានកត់សម្គាល់ថា អ្នកវិនិយោគរបស់អាម៉េរិកបាននិងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាលើផលិតផលធ្វើដំណើរ សុខមាលភាព ការអប់រំ ក៏ដូចជាការពង្រឹងនូវផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាចំណុចស្នូលមួយដែលកម្ពុជាចង់បាននូវផ្នែកនវានុវត្តន៍។ សម្ដេចក៏បានលើកឡើងថា ប្រទេសកម្ពុជាថ្វីត្បិតតែមានប្រជាជនតិចក៏ប៉ុន្តែមានកម្លាំងពេញលេញដ៏ធំ៕

Khcct banner

អត្ថបទទាក់ទង