ភ្នំពេញ៖ តំណាងក្រុមហ៊ុនកូរ៉េចំនួន១៥ មកពីវិស័យផ្សេងៗគ្នាដូចជា វិស័យយានយន្ត អេឡិចត្រូនិក វាយនភណ្ឌ ម្ហូបអាហារ។ល។ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
នាឱកាសនេះ លោក KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។
ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េ បានបញ្ជាក់ថា គណៈប្រតិភូនេះ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌ ។ ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ គណៈប្រតិភូវិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕