ទីក្រុងសៀងហៃ៖ ក្រុមហ៊ុន Air Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនរដ្ឋចិន ដើម្បីទិញយន្តហោះប្រភេទ C909 ចំនួន ២០ គ្រឿង។ កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខានៅទីក្រុងសៀងហៃ និង បានធ្វើឱ្យ Air Cambodia ក្លាយជាក្រុមហ៊ុនអាកាសចរណ៍បរទេសដំបូងគេដែលបានបញ្ជាទិញយន្តហោះប្រភេទថ្មី ផលិតដោយចិនក្នុងចំនួនច្រើន។
យោងតាមផែនការ ការដឹកជញ្ជូនយន្តហោះជាក្រុមដំបូង អាចត្រូវធ្វើឡើងនៅឆមាសទីពីរនៃឆ្នាំ ២០២៦ ហើយយន្តហោះទាំងនោះនឹងត្រូវដាក់ឱ្យដំណើរការ សម្រាប់សេវាកម្មដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍។យន្តហោះថ្មីទាំងនេះត្រូវបានរំពឹងថានឹងជួយឱ្យ Air Cambodia ពង្រីកបណ្តាញផ្លូវហោះហើរ បង្កើនសមត្ថភាពដឹកជញ្ជូន និង ពង្រឹងការតភ្ជាប់រវាងកម្ពុជានិងទីផ្សារក្នុងតំបន់។
គួរបញ្ជាក់ថា យន្តហោះ C909 មានកៅអីសម្រាប់អ្នកដំណើរចន្លោះពី ៧៨ ទៅ ៩៧ នាក់ និង មានរយៈចម្ងាយហោះហើរពី ២ ២២៥ ទៅ ៣ ៧០០ គីឡូម៉ែត្រ។ វាត្រូវបានរចនាឡើង សម្រាប់ប្រតិបត្តិការនៅតាមព្រលានយន្តហោះដែលមានផ្លូវរត់ខ្លី និង តូចចង្អៀត ហើយមានសមត្ថភាពហោះហើរបានល្អក្នុងលក្ខខណ្ឌសីតុណ្ហភាពខ្ពស់ តំបន់ដែលមានរយៈកម្ពស់ខ្ពស់ និង ស្ថានភាពដែលមានខ្យល់បក់ឆ្លងកាត់ (crosswind)។
យន្តហោះ C909 បានពង្រីកប្រតិបត្តិការទៅកាន់ទីផ្សារក្រៅប្រទេស ចាប់តាំងពីបានដាក់ឱ្យដំណើរការនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែមេសា ឆ្នាំ ២០២៣។ បច្ចុប្បន្ន វាដំណើរការនៅក្នុងទីផ្សារនានា រួមទាំងប្រទេសឡាវ និងវៀតណាម ដោយបម្រើដល់ទីក្រុងចំនួន ២៨ នៅក្រៅប្រទេស៕