Swift cc time

សភាពាណិជ្ជកម្មកម្ពុជា និងកូរ៉េ ឯកភាពគ្នាជំរុញការតភ្ជាប់ធុរកិច្ចរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់វិស័យឯកជន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា)

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសជំរុញការតភ្ជាប់ធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងកូរ៉េ សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៃប្រទេសទាំងពីរ។ ការឯកភាពនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Kim Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញការតភ្ជាប់ធុរកិច្ចរវាងក្រុមហ៊ុនកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានឯកភាពបង្កើតយន្តការសហប្រតិបត្តិការប្រកបដោយនិរន្តរភាព សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៃប្រទេសទាំងពីរ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពនឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MOU) នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យអាទិភាព រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ការគាំទ្រធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងការជំរុញឱកាសវិនិយោគរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) បានបញ្ជាក់ថានឹងចូលរួមយ៉ាងសកម្មក្នុង ក្រុមការងារទាំង ១៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (Government-Private Sector Forum: G-PSF) ដែលស្ថិតក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីរួមចំណែកពិភាក្សាលើគោលនយោបាយ និងរបៀបវារៈសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ការចូលរួមនេះនឹងជួយឱ្យសំឡេង និងទស្សនៈរបស់វិនិយោគិន និងសហគ្រាសកូរ៉េ ត្រូវបានឆ្លុះបញ្ចាំងកាន់តែមានប្រសិទ្ធភាព និងរួមចំណែកក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង