
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ ការនាំចេញផលិតផលកសិកម្មសំខាន់ៗមួយចំនួនរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ គឺទទួលបានកំណើនល្អប្រសើរ បើធៀបនឹងឆ្នាំ២០១៩។អ្វីជាពិសេសទៅទៀតនោះ គឺនៅឆ្នាំ២០២០ កម្ពុជាមានការនាំចេញក្រូចឆ្មា ដល់ទៅជាង ២ពាន់៣រយតោន។
យោងតាមប្រព័ន្ធទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ កសិផលដែលមានការនាំចេញបានច្រើនជាងគេគឺផ្លែចេកស្រស់ដែមានបរិមាណនាំចេញជាង ៣៣ម៉ឺនតោន កើនឡើងជាង ១០០% បន្ទាប់មក គឺគ្រាប់ស្វាយចន្ទីមានការនាំចេញដល់ទៅជិត ២២ម៉ឺនតោន កើនជាង ៨% ខណៈដែលគ្រាប់ពោតនាំចេញបានជាង១៩ម៉ឺនតោន កើនជាង៦២%។
ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនៅឆ្នាំ២០២០ កម្ពុជាមានការនាំចេញក្រូចឆ្មា ដល់ទៅជាង ២ពាន់៣រយតោន ខណៈដែលកាលពីឆ្នាំ២០១៩មិនមានការនាំចេញទេ។
បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រូចឆ្មាកម្ពុជាជាង២ពាន់តោននោះ ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ៕