Swift cc time

ក្រុមហ៊ុន Best Life Product Co., Ltd ក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេ ដែលត្រូវគយចិន អនុញ្ញាតឱ្យនាំចូល «សំបុកត្រចៀកកាំ»ចូលទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រដាក់ ឯ.ក ( Best Life Product Co., Ltd ) 

ភ្នំពេញ៖ នៅទីបំផុតទៅអគ្គរដ្ឋបាលគយចិន បានសម្រេចអនុញ្ញាតជាផ្លូវការឱ្យ ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រដាក់ ឯ.ក ( Best Life Product Co., Ltd ) អាចនាំចូលផលិតផល«សំបុកត្រចៀកកាំ»ពីកម្ពុជា ទៅកាន់ទីផ្សារចិនចាប់ពីពេលនេះតទៅ។ការសម្រេចនេះ បានធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនខ្មែរដំបូងគេដែលទទួលបានការសម្រេចអនុញ្ញាតជាផ្លូវការពីគយចិន ក្រោយចំណាយពេលជាច្រើនឆ្នាំ ដើម្បីពង្រឹងគុណភាព និងចរចានាំចេញទៅចិន។

ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រដាក់ ឯ.ក ( Best Life Product Co., Ltd ) បានចាត់ទុកការសម្រេចនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងជាដួងព្រលឹងនៃគុណភាពតែមួយគត់នៅកម្ពុជា ដែលឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត និង ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិន ទោះបីជាកម្ពុជាចាត់ទុកថាជាប្រទេសកូនពៅ នៅក្នុងវិស័យសំបុកត្រចៀកកាំនៅក្នុងតំបន់ក៏ដោយ ប៉ុន្តែគុណភាព និង ស្តង់ដារអនាម័យ ភូតគាមអនាម័យនៃផលិតផល «ផ្ទះត្រចៀកកាំ និង ព្រះនាងត្រចៀកកាំ» គឺមានឧត្តមភាពខ្ពស់ រហូតអាចវាយលុក និង បើកទ្វារទីផ្សារដ៏ធំបំផុតនៅលើពិភពលោក ដែលជាទីផ្សារទាមទារនូវស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។

ក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន បេសឡាយហ្វ៍ ប្រដាក់ ឯ.ក ( Best Life Product Co., Ltd ) បានចាត់ទុកជោគជ័យដ៏ត្រចះត្រចង់នេះ មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការលះបង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានតស៊ូពុះពារលើការងារដ៏ស្មុគស្មាញនេះអស់រយៈពេលយ៉ាងយូរ និង  បានសម្តែងនូវគារវភក្តីភាព និង ស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយទទួលបានឱកាសថ្មីនេះ ក្រុមហ៊ុន Best Life Product Co., Ltd ប្ដេជ្ញាចិត្តយ៉ាងមោះមុត នឹងបន្តពង្រឹងគុណភាព និង អនាម័យនៃផលិតផលសំបុកត្រចៀកកាំកម្ពុជាឱ្យកាន់តែល្អឥតខ្ចោះ ដើម្បីផ្គត់ផ្គង់ជូនអតិថិជនទាំងក្នុងស្រុក និង ការនាំចេញ ព្រមទាំងខិតខំបង្កើនលទ្ធភាពផលិតកម្មដើម្បីបង្កើតឱកាសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងគោលដៅអភិវឌ្ឍវិស័យសំបុកត្រចៀកកាំឱ្យមានសក្តានុពលខ្ពស់ ចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងមានកិត្យានុភាពស្មើមុខស្មើមាត់ដូចបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់៕



Khcct banner

អត្ថបទទាក់ទង