ចិន៖ ក្រុមហ៊ុនធំៗ និងល្បីៗរបស់ចិនចំនួន៩បន្ថែមទៀត ចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមួយចំនួនគ្រោងបើកដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជានៅដើមឆ្នាំ២០២៧ខាងមុខ។ ក្រុមហ៊ុនទាំងនោះមានជំនាញលើវិស័យផ្សេងគ្នាដូចជា វិស័យអាកាសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យបច្ចេកវិទ្យា ការងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងជំនាញផ្នែកចម្រាញ់ប្រេង និងឧស្ម័នជាដើម។
ក្នុងឱកាស សម្ដេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានិប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន, ក្រុមហ៊ុនធំៗនិងល្បីៗជាច្រើនរបស់ចិន បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាច្រើន ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងគ្នា។
ក្រុមហ៊ុនទាំងនោះមានដូចជា៖ ១. ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍថែទាំអាកាសយានដ្ឋាន និងការគាំទ្របច្ចេកទេស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងពង្រីកប្រតិបត្តិការ បង្កេីនការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
២. ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសក្រុមហ៊ុនមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិន ផងដែរ។
៣. ក្រុមហ៊ុន ZTE Corporation ជាក្រុមហ៊ុនមួយដែលបានបោះទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍ មានផែនការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាគមនាគមន៍នៅកម្ពុជា ដើម្បីផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ICT។ ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគលើម៉ូដែលមូលដ្ឋានបញ្ញាសិប្បនិម្មិតអធិបតេយ្យរបស់កម្ពុជា (Cambodia Sovereign AI Foundation Model) និងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតជាតិ (National AI Infrastructure and Ecosystem) នៅកម្ពុជា។
៤. ក្រុមហ៊ុន Shanghai Construction Group ជាក្រុមហ៊ុនមួយដែលបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុមហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ហើយបង្ហាញបំណងពង្រីកការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅកម្ពុជា។
៥. ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា។ ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប (Satellite Communications) ដែលផ្ដោតលើការអភិវឌ្ឍ និងប្រតិបត្តិការគម្រោងបណ្តាញផ្កាយរណបគន្លងតារាវិថីទាប Qianfan (“Thousand Sails” Low Earth Orbit - LEO Broadband Constellation)។
៦. ក្រុមហ៊ុន Shanghai Hantang Shipping ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។
៧.ក្រុមហ៊ុនLegendary Entertainment ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់,ការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។ ក្រុមហ៊ុននេះ គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (company’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។
៨. ក្រុមហ៊ុន SF Holding Co., Ltd. ជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទីកឈានមុខគេមួយនៅក្នុងប្រទេសចិន ដែលមានអាជីវកម្មស្នូលផ្តោតលើសេវាដឹកជញ្ជូនរហ័ស និងទំនិញធុនធ្ងន់, ភស្តុភារកម្មខ្សែច្រវាក់ត្រជាក់, សេវាដឹកជញ្ជូនទាន់ចិត្តក្នុងទីក្រុង, រួមទាំងខ្សែច្រវាក់ផ្គត់ផ្គង់, និងសេវាកម្មលក្ខណៈអន្តរជាតិ ហើយក្រុមហ៊ុននេះ មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា។
៩. ក្រុមហ៊ុន Royal Vopak មានជំនាញខ្ពស់ក្នុងការផ្ទុកផលិតផលប្រេង, ឧស្ម័ន, គីមីឥន្ធនៈ (Petrochemical) រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នឥន្ធនៈរាវ (LPG) ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនដៃគូក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា។