រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ជា "ធនាគារឆ្នើមបំផុតសម្រាប់សាជីវកម្មខ្នាតធំ" នៅកម្ពុជា ក្នុងកម្មវិធី Awards for Excellence ឆ្នាំ២០២៦ របស់ស្ថាប័ន Euromoney ដែលនេះជាលើកទីបួនហើយ ដែលធនាគារទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ចាប់តាំងពីឆ្នាំ២០២៣ មកម្ល៉េះ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ធនាគារ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ ដើម្បីជួយអតិថិជនសាជីវកម្មក្នុងការពង្រឹងភាពធន់ហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពដើមទុនបង្វិល សម្រួលលំហូរសាច់ប្រាក់ និងជំរុញការរីកចម្រើននៃអាជីវកម្ម។
ពានរង្វាន់សម្រាប់ឧត្តមភាពនេះ ត្រូវបានផ្តល់ជូនដោយស្ថាប័ន Euromoney ដែលជាស្ថាប័នបោះពុម្ពផ្សាយព័ត៌មានផ្នែកហិរញ្ញវត្ថុ ជាមួយការទទួលស្គាល់លំដាប់ពិភពលោក និងបង្កើតឡើងដើម្បីផ្តល់កិត្តិយសដល់ស្ថាប័នហិរញ្ញវត្ថុទាំងឡាយណាដែលបង្ហាញពីការអនុវត្តដ៏ល្អប្រសើរទៅលើលទ្ធផលហិរញ្ញវត្ថុ នវានុវត្តន៍ក្នុងស្ថាប័ន។
អស់រយៈពេលជាងបីទសវត្សរ៍មកនេះ ធនាគារ កាណាឌីយ៉ា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយសេវាធនាគារដ៏ទូលំទូលាយដល់អាជីវកម្មក្នុងវិស័យសំខាន់ៗ រួមមាន៖ វិស័យលក់ដុំ និងលក់រាយ សំណង់ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងកសិឧស្សាហកម្ម បដិសណ្ឋារកិច្ចនិងទេសចរណ៍ កាត់ដេរ កម្មន្តសាល ម្ហូបអាហារ និងភេសជ្ជៈ ដឹកជញ្ជូន និងអាកាសចរណ៍។ ការទទួលស្គាល់ចុងក្រោយនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ក្នុងការជួយដល់អតិថិជនសាជីវកម្ម ក្នុងការសម្របខ្លួនទៅនឹងបរិបទអាជីវកម្មដែលពោរពេញដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ព្រមទាំងគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់អាជីវកម្មផងដែរ។
ចំណុចស្នូលនៃយុទ្ធសាស្ត្រធនាគារសាជីវកម្មរបស់ធនាគារ កាណាឌីយ៉ា គឺគំរូនៃកិច្ចសហការដែលផ្តោតលើទំនាក់ទំនងជិតស្និទ្ធ ដើម្បីស្វែងយល់ពីតម្រូវការជាក់លាក់របស់អតិថិជនម្នាក់ៗ និងការផ្តល់ជូននូវសេវាកម្មសមស្របដែលអាចបង្កើតតម្លៃរយៈពេលវែង។ តាមរយៈការរួមបញ្ចូលគ្នារវាងសេវាឥណទាន សេវាកម្មប្រតិបត្តិការធនាគារ ការគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាប្រឹក្សាយោបល់ ធនាគារបានជួយសម្រួលដល់សហគ្រាសខ្នាតធំក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ពង្រឹងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល និងចាប់យកឱកាសជាយុទ្ធសាស្ត្រផ្សេងៗទៀត។
សមិទ្ធផលលេចធ្លោមួយក្នុងឆ្នាំកន្លងទៅ គឺការចូលរួមចំណែករបស់ធនាគារនៅក្នុងគម្រោងអភិវឌ្ឍន៍ជាតិធំៗ ជាក់ស្តែងដូចជាការចូលរួមរបស់ធនាគារក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ ក្នុងនាមជាដៃគូទូទាត់ផ្តាច់មុខសម្រាប់អាជីវករ នៅអាកាសយានដ្ឋាន ធនាគារ កាណាឌីយ៉ា បានជួយបង្កើត និងពង្រឹងប្រព័ន្ធអេកូឡូស៊ីទូទាត់ដោយមិនប្រើសាច់ប្រាក់យ៉ាងពេញលេញ ដោយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទូទាត់បែបឌីជីថល និងសេវាកម្មប្រតិបត្តិការធនាគារដល់ក្រុមហ៊ុនពហុជាតិសាសន៍ ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិ និងសហគ្រាសធំៗដែលកំពុងប្រតិបត្តិការនៅក្នុងអាកាសយានដ្ឋាន។
ទន្ទឹមនឹងនេះ ធនាគារ កាណាឌីយ៉ា ក៏បានបន្តវិនិយោគលើបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់បទពិសោធន៍នៃការប្រើប្រាស់សេវាកម្មរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង។ ការកែលម្អលើប្រព័ន្ធធនាគារឌីជីថល សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ដំណោះស្រាយការទូទាត់សម្រាប់អាជីវករ និងសេវាកម្មបណ្តាញតភ្ជាប់ហិរញ្ញវត្ថុផ្សេងៗ បានជួយទៅដល់អាជីវកម្មក្នុងការសម្រួលដល់កិច្ចដំណើរការការងារ បង្កើនផលិតភាព និងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មធនាគារដែលមានសុវត្ថិភាព និងភាពងាយស្រួលបំផុត។
បន្ថែមពីនេះ ធនាគារបានពង្រឹងសមត្ថភាពឯកទេសរបស់ខ្លួនលើផ្នែកធនាគារសាជីវកម្ម តាមរយៈការបង្កើតក្រុមការងារជំនាញតាមវិស័យនីមួយៗ ការសម្រួលនីតិវិធីនៃការចុះឈ្មោះប្រើប្រាស់សេវាកម្ម និងការបង្កើនប្រសិទ្ធភាពនៃគំរូគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។ តាមរយៈការបំពាក់បំប៉នក្រុមការងារនូវចំណេះដឹងស៊ីដ៏ជម្រៅក្នុងវិស័យឧស្សាហកម្មនានា និងសមត្ថភាពប្រឹក្សាយោបល់កម្រិតខ្ពស់ ធនាគារ កាណាឌីយ៉ា នៅតែរក្សាបាននូវជំហរដ៏រឹងមាំក្នុងការផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រ និងដំណោះស្រាយហិរញ្ញវត្ថុដែលរៀបចំឡើងជាពិសេស ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃតម្រូវការរបស់សហគ្រាសខ្នាតធំក្នុងស្រុក និងក្រុមហ៊ុនពហុជាតិសាសន៍។
លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចែករំលែកជុំវិញការទទួលស្គាល់នេះថា៖ «ពានរង្វាន់នេះឆ្លុះបញ្ចាំងពីទំនុកចិត្តដែលអតិថិជនមានចំពោះយើងខ្ញុំ ហើយក៏បានពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនទំនាក់ទំនងទាំងនោះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយនឹងផលបត្រឥណទានសាជីវកម្មដ៏ធំ និងរឹងមាំបំផុតមួយនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំនឹងបន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ រួមមាន ឥណទានសាជីវកម្ម ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មប្រតិបត្តិការធនាគារ ការគ្រប់គ្រងសាច់ប្រាក់ សេវារក្សាសុវត្ថិភាព Escrow សេវាកម្មធនាគារសម្រាប់បុគ្គលិក និងដំណោះស្រាយហិរញ្ញវត្ថុដែលរៀបចំឡើងជាពិសេសស្របតាមតម្រូវការរបស់អតិថិជនម្នាក់ៗ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំបំផុតគឺត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ចិត្តគ្នា និងការជឿទុកចិត្ត មិនមែនត្រឹមតែការធ្វើប្រតិបត្តិការហិរញ្ញវត្ថុមួយពេលនោះឡើយ។ តាមរយៈការរួមបញ្ចូលគ្នារវាងជំនាញធនាគាររបស់យើងខ្ញុំ ជាមួយនឹងភាពរឹងមាំនៃប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធកាណាឌីយ៉ាគ្រុប យើងមានលទ្ធភាពខ្ពស់ក្នុងការផ្តល់នូវតម្លៃលើសពីសេវាកម្មហិរញ្ញប្បទាន ដោយការភ្ជាប់អតិថិជនទៅនឹងសេវាកម្មបំពេញបន្ថែម និងឱកាសអាជីវកម្មផ្សេងៗនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង ដើម្បីរួមចំណែកដល់ភាពជោគជ័យយូរអង្វែងរបស់ពួកគេ។»