Swift cc time

សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនក្រៅស្រុកមួយ វិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលកកើតឡើងវិញនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចិន៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គាំទ្រផែនការពង្រីកការវិនិយោគរបស់ Shandong (Cambodia) Economic and Technological Development Zone និងលើកទឹកចិត្តការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលកកើតឡើងវិញនៅកម្ពុជា។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក Wu Yujie តំណាង Shandong (Cambodia) នាឱកាសចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក Wu Yujie បានបង្ហាញនូវជំនឿជាក់ចំពោះសក្តានុពលនៃការអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន ម៉ាណែត។ លោកបានលើកឡើងអំពីវឌ្ឍនភាពនៃប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ជាពិសេសការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានបញ្ជាក់ពីបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ជានួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការជឿជាក់ និងការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន នៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។

សម្ដេចលើកទឹកចិត្តឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងវិនិយោគឱ្យទទួលបានលទ្ធផលជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយផ្អែកលើបទពិសោធន៍ និងឧត្តមភាពរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍដំណាំស្វាយចន្ទី៕


Khcct banner

អត្ថបទទាក់ទង