Swift cc time

ក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោក គ្រោងបង្កើតរោងចក្រផលិត និងដំឡើងថេប្លេត នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចិន៖ ក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោក Haier Group គ្រោងពង្រីកការវិនិយោគនៅកម្ពុជា តាមរយៈការសហការជាមួយ SAM SN GROUP ដើម្បីបង្កើតក្រុមហ៊ុន KH Haitech Co., Ltd. និងអភិវឌ្ឍរោងចក្រផលិត និងដំឡើងថេប្លេត ក្រោមម៉ាក KHaitech ព្រមទាំងជំរុញការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតងទំនើប។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសសម្ដេចមកបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference) នៅសាធារណរដ្ឋប្រជាមានិតចិន។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា សំ សុខនឿន (Neak Oknha Sam Soknoeun) សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និង លោក Diao Yunfeng អនុប្រធាន Haier Group ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំ Haier Group បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន និងផែនការពង្រីកការវិនិយោគនៅកម្ពុជា តាមរយៈការសហការជាមួយ SAM SN GROUP ដើម្បីបង្កើតក្រុមហ៊ុន KH Haitech Co., Ltd. និងអភិវឌ្ឍរោងចក្រផលិត និងដំឡើងថេប្លេត ក្រោមម៉ាក KHaitech ព្រមទាំងជំរុញការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតងទំនើប។ គម្រោងនេះមានគោលបំណងផ្គត់ផ្គង់ឧបករណ៍ឌីជីថលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីគាំទ្រដល់វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តគោលនយោបាយបើកចំហ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិនិយោគិន។ សម្ដេចបានលើកទឹកចិត្តឱ្យ Haier Group បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពីគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងពង្រីកការវិនិយោគរយៈពេលវែងនៅកម្ពុជា។

គួរបញ្ជាក់ថា Haier Group គឺជាសាជីវកម្មបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោក ដែលមានបុគ្គលិកជាង ១៤០,០០០នាក់ ប្រតិបត្តិការនៅជាច្រើនប្រទេស និងកាន់កាប់ម៉ាកល្បីៗជាច្រើន រួមមាន Haier, Casarte, Leader, GE Appliances, Fisher & Paykel, AQUA និង Candy។ ក្រុមហ៊ុនក៏ត្រូវបាន Euromonitor International ចាត់ថ្នាក់ជាម៉ាកគ្រឿងប្រើប្រាស់ក្នុងផ្ទះលេខ១ លើពិភពលោក រយៈពេល ១៧ឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីសក្តានុពល និងភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍សកល៕


Khcct banner

អត្ថបទទាក់ទង