ចិន៖ ក្រុមហ៊ុនថាមពលរបស់ចិនមួយឈ្មោះថា China Energy International Group Co., Ltd. បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត លើការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ ខណៈអាជីវកម្មរបស់ក្រុមហ៊ុននេះកំពុងដំណើរការយ៉ាងល្អនៅកម្ពុជា។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. បានបញ្ជាក់ថា កាលពីដំបូងឡើយ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាបានផ្ដោតលើការអនុវត្តវិស្វកម្ម, លទ្ធកម្ម និងការសាងសង់ (Engineering, Procurement, and Construction – EPC) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ។ ដោយឡែក, នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគលើវិស័យសក្ដានុពលបន្ថែមទៀតនៅកម្ពុជា។
សម្ដេចបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលស្អាត គឺជាអាទិភាពចម្បងមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ បច្ចុប្បន្ននេះ, កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% រួចទៅហើយ និងកំពុងជំរុញឱ្យសម្រេចបានរហូតដល់ ៧០% ត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ, កម្ពុជាមានចំណាប់អារម្មណ៍ក្នុងការនាំចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍ និងបង្កើនសមត្ថភាពប្រភពថាមពលអគ្គិសនីដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ការគាំទ្រជានិច្ច ដើម្បីធានាឱ្យបណ្ដាក្រុមហ៊ុនវិនិយោគទទួលបានជោគជ័យ និងរីកចម្រើនទៅមុខ។ សម្ដេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕