ប៉េកាំង៖ឈានជើងជាន់ទឹកដីចិនភ្លាម សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាយពេញមួយរសៀលជួបពិភាក្សាការងារជាមួយ គណៈគ្រប់គ្រងជាន់ខ្ពស់ មកពីបណ្តាក្រុមហ៊ុនធំៗរបស់ចិនចំនួន ៩ ក្រុមហ៊ុន ដើម្បីទាក់ទាញការវិនិយោគក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុនចិនទាំងអស់នោះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងនៅទូទាំងពិភពលោក។
ក្រុមហ៊ុនទាំង៩នោះមានជាអាទិ៍៖ទី១ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និង ការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស។ទី២ ក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក និងកំពុងធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។
ទី៣ ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម, ថាមពល និង ការកសាងហេដ្ឋារចនាសម្ព័ន្ធ។ទី៤ ក្រុមហ៊ុន CMEC គឺជាក្រុមហ៊ុនសំណង់ វិស្វកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៨។ទី៥ ក្រុមហ៊ុន Haier Group គឺជាសាជីវកម្មផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិកពហុជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Qingdao ប្រទេសចិន។
ទី៦ ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និង ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។
ទី៧ ក្រុមហ៊ុន Yuanda Group។ទី៨ ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន និង ទី៩ ក្រុមហ៊ុន Beijing Star AI Co,. Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខមួយរបស់ប្រទេសចិន ផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (Artificial Intelligence/AI)។
ក្រុមហ៊ុននេះផ្តោតសំខាន់លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និងប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេកវិទ្យាសម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើបរិវត្តកម្មឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបំរើអតិថិជន៕