Swift cc time

មន្ទីរពេទ្យគន្ធបុប្ផា នឹងទទួលបានជំនួយបន្ថែមទៀត ពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្រ្តីសប្បុរសធម៌ «បេះដូងមួយ សំនៀងមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ការប្រគុំតន្ត្រីសប្បុរសធម៌«បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នឹងប្រារព្ធឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីរួមចំណែកគាំទ្រមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់ទារក និងកុមារកម្ពុជា និងលើកទឹកចិត្តស្មារតីសប្បុរសធម៌តាមរយៈតន្ត្រី។ រាល់ថវិកាដែលបានពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌នេះ នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ការប្រគុំតន្រ្តីសប្បុរសធម៌ «បេះដូងមួយ សំនៀងមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា» នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៥:០០ នាទីល្ងាច នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ ដែលនឹងមានការចូលរួមសម្ដែងពីសិប្បករ សិប្បការិនីល្បីៗជាច្រើនរូប។

បើតាមលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា រាល់ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្ត្រីនេះ នឹងបរិច្ចាគជូនគន្ធបុប្ផា ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹម ដល់ទារក និងកុមារនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។

ចំពោះតម្លៃសំបុត្រចូលទស្សនាការប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូងមួយ សំនៀងមួយ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា» មានតម្លៃ ២០,០០០ រៀល ដោយអាចបញ្ជាទិញតាមតេលេក្រាម Mini App៖ https://t.me/NationalSportsComplexBot/home

គួរបញ្ជាក់ថា ក្នុងខែមិថុនា ឆ្នាំ២០២៦ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យនិងព្យាបាលជូនកុមារ ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូន សរុបជិត១១ម៉ឺននាក់ ក្នុងនោះកុមារឈឺចំនួន ៧៥,២៤៨ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ១៧,៥៩០ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារមានជំងឺគ្រុនឈាមចំនួន ១,៨៩២ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, ហើយកុមារចំនួន ៣,០៣៩ នាក់ផ្សេងទៀត ត្រូវបានទទួលការវះកាត់ (ក្នុងនោះវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមានចំនួន ៨៧នាក់។
ជាមួយគ្នានេះ ស្តី្រមានផ្ទៃពោះចំនួន ៩,៥៩២ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១,៧៥៥ នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា៕


Khcct banner

អត្ថបទទាក់ទង