ភ្នំពេញ៖ កម្ពុជា និងចិន បានឯកភាពគ្នាចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះ គឺបើកផ្លូវនាំចេញ«ផ្លែខ្នុរស្រស់» ទៅកាន់ទីផ្សារចិន។ពិធីចុះនេះ ធ្វើឡើងនៅរដ្ឋធានីប៉េកាំង ដោយមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងលោកស្រី Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន។
MOU ចំនួនពីរនោះមាន១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព និងទី២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
យោងតាមក្រសួងកសិកម្មកម្ពុជា ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បង គឺដើម្បីធានាថាគ្រប់កសិផលដែលនាំចេញ គ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។
បើតាមក្រសួងដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមស្តង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕