ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈដែលហ្វីលីពីននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ហានស៍ លេអូ ជេ ខាដាក រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ កិច្ចគាំពារជនទេសន្តរប្រវេសន៍ និងសន្តិសុខសង្គម។ លោកបានបញ្ជាក់ពីការគាំទ្រចំពោះការជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការជ្រើសរើសជនទេសន្តរប្រវេសន៍ប្រកបដោយយុត្តិធម៌ ការទទួលបានការគាំពារសង្គម និងយន្តការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់ជនទេសន្តរប្រវេសន៍។
រដ្ឋមន្រ្តីក្រសួងការងាររូបនេះ ក៏បានគូសបញ្ជាក់ថា ជនទេសន្តរប្រវេសន៍គួរទទួលបានការការពារពីការរើសអើង ការកេងប្រវ័ញ្ច ការរំខានដល់ការងារ និងធានាសិទ្ធិទទួលបានប្រាក់ឈ្នួល ឯកសារស្របច្បាប់ ការគាំពារសង្គម និងសេវាមូលដ្ឋាន។
ជាមួយគ្នានេះ លោក ហានស៍ លេអូ ជេ ខាដាក បានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការចែករំលែកបទពិសោធលើកិច្ចគាំពារជនទេសន្តរប្រវេសន៍។ លោកបញ្ជាក់ថា ជំនួបនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈដែលហ្វីលីពីននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា៕