ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។
ដោយ ឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង។
វិស័យដែលទទួលបានទុនវិនិយោគច្រើនជាងគេនៅកម្ពុជាគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេៗ ចំនួន ១,៧២ ពាន់លានដុល្លារ, វិស័យឧស្សាហកម្ម ២,៥៦ ពាន់លានដុល្លារ, វិស័យទេសចរណ៍ ៣០០ លានដុល្លារ, ព្រមទាំងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ចំនួន ១១៣ លានដុល្លារ។
ប្រភពទុនវិនិយោគសំខាន់ៗនិងឈានមុខគេនៅកម្ពុជាមានដូចជា៖ កម្ពុជា ចិន សិង្ហបុរី ម៉ាឡេស៊ី ហូឡង់ កោះBritish Virgin កោះ Marshall កោះ Samoa ជប៉ុន និង សហរដ្ឋអាម៉េរិក៕