ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា ប្រជាជនអាល្លឺម៉ង់ជាច្រើនចាប់អារម្មណ៍មកទស្សនាប្រទេសកម្ពុជា និងបានចាត់ទុកកម្ពុជាស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
លោក Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។ កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ ជាពិសេសលោកបានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។សម្ដេចបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះ គឺជាស្នូរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចក៏បានអរគុណចំពោះអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងជួយនៅក្នុងការអភិវឌ្ឍជនបទជាដើម ដែលជាសមិទ្ធផលអាល្លឺម៉ង់បានចូលរួមចំណែកជួយដល់កម្ពុជា៕