ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធដំណើរចូលប្រទេសកម្ពុជាប្រហែលជា ១,៩០០ ករណី មានមនុស្សសរុបប្រហែលជាង ៤០០០ នាក់ មាន៧៦សញ្ជាតិ។មូលហេតុនៃការបដិសេធនេះ គឺដោយសារពុំមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ និង មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ដោយបានបញ្ជូលត្រឡប់ថយក្រោយវិញ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អ្នកដំណើរជាជនបរទេសចូលមកម្ពុជាមានសរុបចំនួន ២,២៧៩,១១០ នាក់ មាន ១៧៣ សញ្ជាតិ។ ចំនួនជនបរទេសចូលមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ធ្លាក់ចុះ ៤៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ការធ្លាក់ចុះនេះ គឺដោយសារកត្តាសង្រ្គាមនៅទូទាំងសកលលោក, ការធ្លាក់ចុះនៃសេដ្ឋកិច្ច ការឡើងថ្លៃសំបុត្រយន្តហោះ, ក៏ដូចជាការបិទច្រកព្រំដែនកម្ពុជា-ថៃ ដោយសារការឈ្លានពានរបស់ថៃមកកម្ពុជា។
បើតាមរបាយការណ៍ រយៈពេល៦ខែនេះ ជនបរទេសដែលបានស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាមានសរុបចំនួន ៩១៩,០១០ នាក់ ធ្លាក់ចុះ២០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ករណីផ្អាកដំណើរចេញពីប្រទេសកម្ពុជាមានចំនួន ២៥៣ ករណី មានមនុស្សចំនួន ៣៨៦ នាក់ មាន២២សញ្ជាតិ ដោយមូលហេតុជាប់បណ្ដឹង និងចេញក្នុងគោលបំណងមិនច្បាស់លាស់៕