ភ្នំពេញ៖ ក្រុមហ៊ុនចំណាស់ និងធំនៅជប៉ុន គឺក្រុមហ៊ុន Lion Corporation បានកំពុងសិក្សាពីគម្រោងបោះទុនវិនិយោគបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុននេះ បង្កើតឡើងតាំងពីឆ្នាំ ១៨៩១ និង មានជំនាញផលិត នូវផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ សាប៊ូកក់សក់ សាប៊ូបោកខោអាវ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និង ផលិតផលថែរក្សាសម្ផស្ស និងអនាម័យផ្សេងៗទៀត។
បច្ចុប្បន្នក្រុមហ៊ុនដ៏ធំរបស់ជប៉ុននេះ កំពុងមានមូលដ្ឋានផលិតកម្មរបស់ខ្លួននៅ ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ចិនដីគោក ចិនតៃវ៉ាន ជាដើម។ដោយមើលឃើញពីសក្តានុពល និង បរិស្ថានវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ក្រុមហ៊ុន Lion Corporation មានបំណងធ្វើការសិក្សាលម្អិត ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានប្រកាសគាំទ្រពេញទំហឹងនៃគម្រោងនេះ ហើយបានជំរុញឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តឱ្យបានឆាប់ក្នុងការវិនិយោគនៅកម្ពុជា ដោយត្រូវស្វែងរកទីតាំងសមស្របណាមួយ ជាពិសេស ឱ្យពិចារណាទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
គួរបញ្ជាក់ថា ការត្រៀមចូលខ្លួនបោះទុនវិនិយោគក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនធំរបស់ជប៉ុននេះ គឺធ្វើឡើងចំពេលដែលកម្ពុជា មានបញ្ហាព្រំដែនជាមួយថៃ ហើយផលិតផលជាច្រើន ជាពិសេស «ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ» ក្នុងប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរទំនោរមកប្រើផលិតផលក្នុងស្រុក ធ្វើឱ្យថៃ និងរួមទាំងផលិតផលក្រុមហ៊ុនជប៉ុនក្នុងប្រទេសថៃរាំងស្ទះ និងកំពុងនាំឱ្យក្រុមហ៊ុនជប៉ុនមួយចំនួនចាប់ផ្តើមមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា៕