Img 1426
Swift cc time

ចិន អាម៉េរិក វៀតណាម បន្តរក្សាភាពជាដៃគូពាណិជ្ជកម្មធំៗទាំងបីរបស់កម្ពុជា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជាមានចំនួន ៣ ដូចជា ចិន អាម៉េរិក និងវៀតណាម។ ក្នុងនោះ រយៈពេល៦ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ១១,៦ ពាន់លានដុល្លារ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៧,៤ ពាន់លានដុល្លារ នាំមុខវៀតណាមដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទឹកប្រាក់ជាង ៤,៧ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ រយៈពេល៦ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-មិថុនា ទំហំពាណិជ្ជាកម្មកម្ពុជា-ចិន កើនឡើងជាង ២៥%។ ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណជាង ៩៤៣ លានដុល្លារ កើនឡើង ២៥.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងនាំចូលពីចិនវិញក្នុងទឹកប្រាក់ប្រមាណ ១០,៦ ពាន់លានដុល្លារ កើនឡើងជាង ២៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ចំពោះទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលស្ថិតនៅលំដាប់ទី២ រយៈពេល៦ខែកន្លងទៅនេះសម្រេចការនាំចេញ-នាំចូលក្នុងទឹកប្រាក់ប្រមាណជាង ៧,៤ ពាន់លានដុល្លារ កើនឡើងជាង ៣១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញទៅសហរដ្ឋអាម៉េរិកក្នុងទឹកប្រាក់ប្រមាណ ៧,១ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីអាម៉េរិកវិញក្នុងទឹកប្រាក់ប្រមាណជាង ៣០៧ លានដុល្លារ កើនឡើង ៨៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

រីឯវៀតណាម ជាប្រទេសដៃគូពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជា ដែលសម្រេចបានការនាំចេញ-នាំចូលក្នុងទឹកប្រាក់ប្រមាណ ៤,៧ ពាន់លានដុល្លារ កើនឡើង ៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាមក្នុងទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ កើនឡើងជិត ១៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ២,២ ពាន់លានដុល្លារ កើនឡើងជិត ៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។

ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម។ នេះបើតាមរបាយការណ៍។

គួរបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៣៦,៨ ពាន់លានដុល្លារ កើនឡើង ២០.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារ កើនឡើង ១៩.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១៩.៧ ពាន់លានដុល្លារ កើនឡើង ២១.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង