ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលទេសចរមូស្លីម ដែលជាទីផ្សារដ៏មានសក្តានុពល ខណ:ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ដែលជាការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។ ប្រសាសន៍នេះត្រូវបានលេីកឡេីងក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
បេីតាមក្រសួងទេសចរណ៍ វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ក្នុងការស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត ក៏ដូចជាការបង្ហាញពីសក្តានុពល និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍កម្ពុជា ព្រមទាំងការលើកកម្ពស់សេវាកម្មប្រកបដោយគុណភាព និងស្តង់ដា។ ជាមួយគ្នាននេះ វេទិកានេះគឺបានបង្ហាញពីការត្រៀមខ្លួនឱ្យបានរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ស្របតាមនិន្នាការ និងតម្រូវការទីផ្សារអន្តរជាតិ។
លោក ហួត ហាក់ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា ដែលជាឯកសារគោលសម្រាប់អភិវឌ្ឍគោលដៅទេសចរណ៍ មូលដ្ឋានអាជីវកម្ម និងការផ្តល់បដិសណ្ឋារកិច្ចប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ត ជូនភ្ញៀវទេសចរមូស្លីម។ លោកបានបញ្ជាក់ថា វេទិកានេះ គឺជាការបន្តភាពជោគជ័យពីវេទិកាទេសចរណ៍មូស្លីមលើកទី១ (ឆ្នាំ២០២៤) និងលើកទី២ (ឆ្នាំ២០២៥) ព្រមទាំងជាការបោះជំហានថ្មីមួយទៀតនៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា។
វេទិកាលើកទី៣នេះ មានលក្ខណៈកាន់តែធំជាងមុន និងពិសេសជាងមុន ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (១០-១២ ខែកក្កដា) ដែលមានការរៀបចំជាកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងទេសចរណ៍មូស្លីម, មានស្តង់ពិព័រណ៍ប្រមាណ ១៥០ស្តង់ ជាមួយការរំពឹងទុកថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
រដ្ឋមន្ត្រីក្រសួងទសចរណ៍រូបនេះ មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅលើពិភពលោក៕